លោកប្រធានាធិបតី Lee Jae-myung បាននិយាយថា កូរ៉េខាងត្បូងអាចពិចារណាកាត់បន្ថយ ឬពន្យារពេលសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ប៉ុន្តែគ្រាន់តែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។

លោកបានព្រមានកាលពីថ្ងៃចន្ទ២៤វិច្ឆិកាសប្ដាហ៍នេះថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងណាស់ ដែលការប៉ះទង្គិចគ្នាដោយចៃដន្យ អាចកើតឡើងបានគ្រប់ពេលវេលា ហើយវាមានសារៈសំខាន់ ដែលទីក្រុងសេអ៊ូល ត្រូវចូលរួមជាមួយទីក្រុងព្យុងយ៉ាងក្នុងការសន្ទនា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មាននៅលើយន្តហោះធ្វើដំណើរទៅកាន់ ប្រទេសទួរគី លោក Lee បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងមានភាពរសើបខ្លាំងណាស់ចំពោះសមយុទ្ធបែបនេះ ។
លោកថាមានការស្នើឱ្យពិនិត្យឡើងវិញជាមុនអំពីទំហំ ឬពេលវេលានៃសមយុទ្ធរបស់ពួកលោក ប៉ុន្តែពិបាកក្នុងការទស្សន៍ទាយថាតើវានឹងទៅជាយ៉ាងណា ក្រោមកាលៈទេសៈបច្ចុប្បន្ន។
លោកបានបន្ថែមថា ក្នុងរយៈពេលវែង កូរ៉េខាងត្បូងត្រូវតែទទួលខុសត្រូវចំពោះការការពាររបស់ខ្លួន។ ប្រសិនបើពួកលោកសម្រេចបាននូវរចនាសម្ព័ន្ធសន្តិភាព បញ្ចៀសបាននូវការប្រយុទ្ធគ្នា នោះនឹងមិនត្រូវការសមយុទ្ធរួមគ្នាទេ ដែលសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏ប្រហែលជាមិនពេញចិត្តដោយសារតែការចំណាយរបស់ពួកគេដែរ។
ទីក្រុងសេអ៊ូលបានកែសម្រួលសមយុទ្ធនេះ បន្ទាប់ពីកូរ៉េខាងជើងបានរិះគន់ម្តងហើយម្តងទៀតចំពោះសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ដែលរួមមានសមយុទ្ធទ្រង់ទ្រាយធំ ដូចជា Key Resolve (KR) Foal Eagle (FE) និង Ulchi Freedom Guardian (UFG)ជាដើម៕

