មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF)ដែលជាអង្គការគាំទ្រដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដើម្បីចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថា អង្គការនេះបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ក្រោយពីមានការរិះគន់ជាច្រើនខែ ជុំវិញការស្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ ដែលព្យាយាមទៅដល់មជ្ឈមណ្ឌលមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF)។

មូលនិធិ GHF បានចាប់ផ្តើមចែកចាយស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីនដែលត្រូវការខ្លាំងនៅតំបន់ហ្កាហ្សា កាលពីចុងខែឧសភា។ ទីតាំងភាគច្រើនរបស់មូលនិធិនេះ ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលឆ្ងាយពីប្រជាជន។ នោះបានបង្ខំឲ្យប្រជាជនប៉ាឡេស្ទីនត្រូវដើរផ្លូវឆ្ងាយ ដើម្បីទៅទទួលជំនួយ។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានបាញ់សម្លាប់នៅជិតទីតាំងចែកចាយជំនួយ នៅពេលដែលមូលនិធិបើកដំបូង ដោយយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានបើកការបាញ់ប្រហារលើប្រជាជនប៉ាឡេស្ទីន ដែលចូលទៅជិតទាហានរបស់ខ្លួន។
មូលនិធិ GHF បានចាប់ផ្តើមផ្គត់ផ្គង់ជំនួយនៅតំបន់ហ្កាហ្សាជិតបីខែ បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវលើជំនួយទាំងអស់ដែលចូលទៅក្នុងតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ ក្រោយមក ទុរ្ភិក្សត្រូវបានប្រកាសនៅក្នុងផ្នែកមួយចំនួននៃតំបន់ហ្កាហ្សា។
