ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយនឹងលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តដល់ភាគីអ៉ីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៉ីស្រាអែល ប្រកបដោយសុខសុវត្ថិភាព និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៉ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មនៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្តម បានផ្ដាំផ្ញើភាគីអ៊ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៉ីស្រាអែល៕



