កសិករ និងអ្នកបើកបររថយន្តដឹកទំនិញនៅប្រទេសម៉ិកស៊ិក បានបិទផ្លូវហាយវ៉េ និងច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់មួយកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ជាផ្នែកមួយនៃកូដកម្មទូទាំងប្រទេសនៅទូទាំងរដ្ឋយ៉ាងហោចណាស់២៥រដ្ឋ ដោយទាមទារ ឲ្យនៅតាមផ្លូវកាន់តែមានសុវត្ថិភាព តម្លៃគ្រាប់ធញ្ញជាតិកាន់តែសមរម្យ និងដកចេញច្បាប់ទឹកដែលត្រូវបានស្នើ ដោយនិយាយថាគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ។

ក្នុងអំឡុងពេលនៃការតវ៉ា កសិករបានបញ្ឈប់ចរាចរណ៍ដឹកទំនិញនៅលើស្ពាន Zaragoza-Ysleta ដែលភ្ជាប់ទីក្រុង Ciudad Juarez ទៅកាន់ទីក្រុង El Paso រដ្ឋតិចសាស ដើម្បីតវ៉ាប្រឆាំងច្បាប់ទឹកដែលកំពុងស្ថិតក្រោមការជជែកពិភាក្សាក្នុងសភា ខណៈនឹងរឹតត្បិតខ្លាំងដល់ការប្រើប្រាស់អណ្តូងទឹក និងទឹកក្រោមដីនៅលើដីឯកជន ដែលគំរាមកំហែងដល់ប្រព័ន្ធធារាសាស្រ្តសម្រាប់ដំណាំនៅក្នុងតំបន់ដែលងាយរងគ្រោះរាំងស្ងួត។ ក្រុមអ្នកតវ៉ាអះអាងថា វិធានការនេះអាចផ្តល់ឱ្យអាជ្ញាធរសហព័ន្ធនូវការគ្រប់គ្រងកាន់តែធំធេងលើសិទ្ធិប្រើប្រាស់ទឹក ដែលធ្វើឱ្យអ្នកផលិតងាយរងគ្រោះ និងមិនអាចរក្សាទិន្នផលកសិកម្មបាន។ សកម្មជនព្រមានថា សេចក្តីស្នើច្បាប់នេះអាចធ្វើឱ្យបញ្ហារចនាសម្ព័ន្ធកាន់តែធ្ងន់ធ្ងរក្នុងការផលិត និងចែកចាយស្បៀង ប្រសិនបើត្រូវបានអនុម័តដោយគ្មានការពិគ្រោះយោបល់។
ការបិទផ្លូវស្រដៀងគ្នានេះក៏ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Queretaro ប្រទេសម៉ិកស៊ិកភាគខាងជើង ជាកន្លែងដែលរថយន្តសណ្តោងរាប់សិបគ្រឿងបានកកស្ទះនៅបញ្ជរបង់ប្រាក់ Palmillas-Rio Blanco ដែលបណ្តាលឱ្យមានការពន្យារពេលចរាចរណ៍ដោយការកកស្ទះជាច្រើនគីឡូម៉ែត្រ។

ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេនឹងរក្សាសម្ពាធរហូតដល់អាជ្ញាធរពិនិត្យឡើងវិញនូវច្បាប់ទឹក ធានាការទូទាត់ដោយយុត្តិធម៌ និងធ្វើឲ្យប្រសើសន្តិសុខនៅលើផ្លូវហាយវ៉េ ដោយលើកឡើងពីអំពើហិង្សាកើនឡើងទៅលើអ្នកដឹកជញ្ជូន។