យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយថា កងកម្លាំងគាំទ្ររហ័ស (RSF) របស់ស៊ូដង់ កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុង el-Fasher របស់តំបន់Darfur ។

របាយការណ៍នេះត្រូវបានចេញផ្សាយនៅថ្ងៃអង្គារទី២៥វិច្ឆិកានេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ (RSF) បានប្រកាសថាខ្លួននឹងចូលទៅក្នុងបទឈប់បាញ់មនុស្សធម៌រយៈពេលបីខែភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។
ឧត្ដមសេនីយ៍យោធាជាន់ខ្ពស់របស់ស៊ូដង់ បានច្រានចោលសំណើបទឈប់បាញ់ផ្ដល់ដោយក្រុមអ្នកសម្របសម្រួលដឹកនាំដោយអាមេរិកថា មិនល្អ ជាការប៉ះពាល់ដល់កិច្ចខិតខំប្រងឹប្រែងដើម្បីបញ្ឈប់សង្គ្រាមដ៏មហន្តរាយដែលបានញាំញីប្រទេសអាហ្វ្រិកមួយនេះរយៈពេលជាង៣០ខែមកនេះ ។
ប្រទេសស៊ូដង់បានធ្លាក់ចូលក្នុងភាពវឹកវរកាលពីខែមេសា ឆ្នាំ២០២៣ នៅពេលការតស៊ូដណ្តើមអំណាចរវាងយោធា និងកងកម្លាំងប៉ារ៉ារហ័ស RSF បានផ្ទុះឡើង រីកធំក្លាយជាការប្រយុទ្ធគ្នាដោយបើកចំហក្នុងរដ្ឋធានី Khartoum និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសនេះ។
ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន អង្គការលើកលែងទោសអន្តរជាតិនិយាយថា ខ្លួនបានប្រមូលសក្ខីកម្មពីអ្នករស់រានមានជីវិតចំនួន ២៨ នាក់ដែលពិពណ៌នាអំពីអំពើឃោរឃៅក្នុងទីក្រុង el-Fasher ចាប់ពីការប្រហារជីវិតបុរសដែលគ្មានអាវុធក្នុងដៃ រហូតដល់ការរំលោភក្មេងស្រី និងស្ត្រី។
លោកស្រី Agnes Callamard ប្រធានអង្គការលើកលែងទោសអន្តរជាតិបាននិយាយថាអំពើហិង្សាជាបន្តបន្ទាប់ និងរីករាលដាលប្រឆាំងនឹងជនស៊ីវិលនេះបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏អាចបង្កើតបានជាឧក្រិដ្ឋកម្មផ្សេងទៀតក្រោមច្បាប់អន្តរជាតិផងដែរ៕

