សារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍នៅថ្ងៃអង្គារ (២៥ វិច្ឆិកា) នេះថា ការបាញ់បង្ហោះយានអវកាស ស៊ិនចូវ-២២ (Shenzhou-22) បានទទួលជោគជ័យទាំងស្រុង។ ទីភ្នាក់ងារអវកាសចិន (CMS) បាននិយាយថា យាននេះត្រូវបង្ហោះនៅវេលាម៉ោងក្នុងស្រុក ១២:១១នាទី រសៀលថ្ងៃអង្គារនេះ ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប ជីវឈ័ន (Jiuquan) នៅភាគពាយព្យប្រទេសចិន។

ប៉ុន្មាននាទីបន្ទាប់ពីការហោះឡើង ទីភ្នាក់ងារ CMSA ប្រកាសថា យានអវកាស ស៊ិនចូវ-២២ បានផ្ដាច់ខ្លួនចេញពីយានជំរុញ Long March ដោយជោគជ័យ ហើយចូលទៅក្នុងគន្លងដែលគ្រោងទុក ដែលជាភាពជោគជ័យពេញលេញសម្រាប់បេសកកម្មបាញ់បង្ហោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យានស៊ិនចូវ-២២នេះ នឹងផ្ទុកទំនិញជាច្រើន រួមទាំងស្បៀងអាហារសម្រាប់អវកាសយានិកចិននៅក្នុងគន្លង និងឧបករណ៍សម្រាប់ស្ថានីយ៍អវកាសជាដើម។
យានស៊ិនចូវ-២២ ត្រូវបញ្ជូនទៅកាន់ស្ថានីយអវកាស ធានកុង (Tiangong) របស់ចិន ដើម្បីជំនួសយានស៊ិនចូវ-២១ ដែលបានបង្ខំចិត្តត្រឡប់មកផែនដីវិញ រយៈពេល ៦ខែលឿនជាងពេលកំណត់ បន្ទាប់ពីយានមួយទៀតដែលចូលចតនៅស្ថានីយអវកាស រងការខូចខាត។
ភាពខុសគ្នាដ៏សំខាន់ជាមួយនឹងស៊ិនចូវ-២១ គឺថា ស៊ិនចូវ-២២នេះត្រូវបង្ហោះដោយពុំមានអវកាសយានិកនោះទេ ដែលជាលក្ខខណ្ឌចាំបាច់ដើម្បីជៀសវាងការផ្ទុកលើសចំណុះរបស់ស្ថានីយអវកាស ធានកុង សម្រាប់អ្នករស់នៅរយៈពេលវែង ៣នាក់ នៅទីនោះ។ នេះមានន័យថា បេសកកម្មហោះហើរអវកាសបន្ទាប់របស់ចិន ដែលគ្រោងធ្វើនៅប្រហែលខែមេសា ឆ្នាំក្រោយ ទំនងជាយាន ស៊ិនចូវ-២៣៕



