នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង និងសហការី បានទទួលជួប ឯកឧត្តម ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ក្នុងប្រទេសកូរ៉េលើកនេះ ក្នុងគោលបំណងបញ្ជ្រៀបការផ្សព្វផ្សាយអំពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដល់សហគមខ្មែរ ដែលរស់នៅប្រទេសកូរ៉េ និងមានបំណងស្វែងរកការគាំទ្រ និងកៀរគរមូលនិធិបន្ថែម សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពក្នុងការផ្សព្វផ្សាយជួយដល់មន្ទីរពេទ្យ។ ឯកឧត្តម ឯកអគ្គរាជទូត បានសន្យាថានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅប្រទេសកូរ៉េ និងគ្រោងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដោយភ្ជាប់សកម្មភាពមនុស្សធម៌នេះទៅនឹងសកម្មភាពរបស់ស្ថានទូត ដែលគ្រោងធ្វើនាពេលខាងមុខ៕ អត្ថបទ៖ បាន សុខរិទ្ធិ





