កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃចន្ទ បានប្តេជ្ញាថា នឹង «ឆ្លើយតបដ៏លើសលប់» ចំពោះ អ៊ីស្រាអែលជុំវិញការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Haytham Ali Tabtabai។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការ Sepah News របស់ខ្លួន កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានថ្កោលទោស «ឧក្រិដ្ឋកម្មឃោរឃៅ» របស់អ៊ីស្រាអែល ដោយនិយាយថា លោក Tabtabai ត្រូវបានកំណត់គោលដៅនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ក្នុងទង្វើ «ដ៏គឃ្លើននិង ភេរវកម្ម»។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា៖«អ័ក្សតស៊ូ និងក្រុមហេសបូឡា» រក្សាសិទ្ធិក្នុងការសងសឹកចំពោះការសម្លាប់នេះ ហើយការឆ្លើយតបដ៏ម៉ឺងម៉ាត់នឹងមកដល់ «នៅពេលវេលាសមស្រប»។

យ៉ាងហោចណាស់មនុស្ស ៥នាក់ រួមទាំងលោក Tabtabai ត្រូវបានសម្លាប់ និង ២៨នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យលើអាផាតមិនមួយ នៅក្នុងទីក្រុង Haret Hreik។ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយហៅវាថា ជា «ការឈ្លានពានយ៉ាងឃោរឃៅ» ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ប្រទេសលីបង់៕