ភ្នំពេញ៖ គណបក្សនយោបាយដែលបានត្រៀមខ្លួនរួចរាល់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខនេះ បានលើកឡើងថា សកម្មភាពសេរីភាពជួបជុំនៅតាមមូលដ្ឋាន ជាមួយប្រជាពលរដ្ឋជាកត្តាសំខាន់ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើរ ខណៈសកម្មភាពកន្លងមកនេះ បានបើកយ៉ាងទូលាយ និងមិនមានការរឹតត្បិតឡើយ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់BTVថា ក្រោយពីគណបក្សរបស់លោក បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ការធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន បានអនុវត្ត ទៅតាមការកំណត់ដោយច្បាប់ និងបទបញ្ជានានា ដើម្បីចួលរួមជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានដំណើរការទៅមុខដោយរលូន និងមិនមានភាពអសកម្មណាមួយកើតឡើងក្នុងពេលធ្វើសកម្មភាព នយោបាយ ឬការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលកន្លងទៅឡើយ។
លោក បានសង្កេតឃើញថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បានបង្កលក្ខណៈល្អប្រសើរជូនបណ្តា គណបក្សនយោបាយ ទាំងការជួបជុំ ឬការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ដោយអាជ្ញាធរមូលដ្ឋាន បាន សម្របសម្រួលក្នុងពេលចុះមូលដ្ឋានស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងដែរថា ការធានាលក្ខណៈងាយ ស្រួលដល់គណបក្សនយោបាយនានាពេលចុះមូលដ្ឋាន គឺជាការសម្រួលរំហូរបរិយាកាសនយោបាយ នៅកម្ពុជាឱ្យកាន់តែប្រសើរ សម្រាប់ការបោះឆ្នោតឱ្យដំណើរការរលូនសេរី និងយុត្តិធម៌។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរទាំងអស់ ត្រូវតែសម្របសម្រួល និងធ្វើយ៉ាងណាឲ្យបណ្តាគណបក្សទាំងអស់ ចុះមូលដ្ឋាន ដើម្បីជួបសមាជិក-សមាជិការបស់ពួកគេ ប្រកបដោយភាពងាយស្រួល និងសមស្របទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈការឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ នឹងខិតជិតមកដល់ តែគឺសម្រាប់តែគណបក្សនយោបាយណា ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃប៉ុណ្ណោះ ខណៈគណបក្ស ដែលពុំមានច្បាប់ និងមិនបានចុះបញ្ជីត្រឹមត្រូវទេនោះ ត្រូវតែចាត់វិធានការច្បាប់៕