ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ បានអនុញ្ញាតឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារអាយុចាប់ពី ៣ឆ្នាំទៅក្រោម៥ឆ្នាំ។ ការសម្រេចនេះ ធ្វើឡើងស្របពេលដែល កម្ពុជាមានការរីករាលដាលកូវីដ-១៩ ជាច្រើនករណីរៀងរាល់ថ្ងៃ។ ការសម្រេចថ្មីនេះ គឺទទួលបានការសាទរពីប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាលដែលមានកូនតូចស្ថិតក្នុងក្រុមអាយុនេះ។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារអាយុចាប់ពី ៣ឆ្នាំទៅ៥ឆ្នាំ។ការសម្រេចនេះគឺ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឱ្យក្រសួងសុខាភិបាលរៀបចំការចាក់វ៉ាក់សាំងជូនក្រុមគោលដៅថ្មីនេះ ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។ តាមរយៈសារសម្លេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីម្សិលម៉ិញ លើកឡើងថា គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងនោះទេ។
សម្ដេចតេជោ ក៏បានសំណូមពរទៅអាណាព្យាបាល ជូនកូនៗរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩អោយបានគ្រប់ៗគ្នា ខណៈតាមការប៉ាន់ប្រមាណ កុមារស្ថិតក្នុងអាយុ ៣ទៅក្រោម៥ឆ្នាំ គឺមានប្រមាណ ៧០ម៉ឺននាក់នៅទូទាំងប្រទេស។
ការសម្រេចចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺទទួលបានការសាទរពីប្រជាពលរដ្ឋ ពិសេសគឺអាណាព្យាបាល ដែលពួកគាត់មានកូនតូចមិនទាន់បានចាក់វ៉ាក់សាំង។ ពួកគាត់ លើកឡើងថា មួយរយៈមកនេះ គឺពួកគាត់មានការព្រួយបារម្ភច្រើនចំពោះសុខភាពកូន ខណៈដែលករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងកើតឡើងជាច្រើនរយករណីរៀងរាល់ថ្ងៃ។ ពួកគាត់ជាអាណាព្យាបាល នឹងជូនកូនទៅទទួលការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់កុមារអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ប្រភេទ ស៊ីណូវ៉ាក់។ សម្រាប់ឯកសារដែលក្រសួងតម្រូវឱ្យភ្ជាប់ទៅជាមួយ គឺមានដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការ ឬប័ណ្ណមន្រ្តីជាប់កិច្ចសន្យារបស់ឪពុកម្ដាយ ចំពោះកូនចៅមន្រ្តីរាជការថ្នាក់ជាតិ៕អត្ថបទ៖ គឹមហុក