កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារ (២៥ វិច្ឆិកា) នេះថា កំណើនការវាយប្រហារដោយពួកសកម្មប្រយុទ្ធ និងអស្ថិរភាពនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កំពុងជំរុញឱ្យវិបត្តិអត់ឃ្លានឈានដល់កម្រិតកំណត់ត្រា ដោយព្រមានថា មនុស្សជិត ៣៥លាននាក់ អាចស្រេកឃ្លាននៅឆ្នាំ២០២៦ នៅពេលកម្មវិធីនេះអស់ធនធាននៅខែធ្នូ ខាងមុខ។

WFP និយាយថា ការព្យាករនេះ គឺផ្អែកលើរបាយការណ៍ Cadre Harmonize ចុងក្រោយបង្អស់ ដែលជាការវិភាគនៃអសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងតំបន់សាហែលដ៏ក្រីក្រនិងអាហ្វ្រិកខាងលិច ហើយជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រានៅនីហ្សេរីយ៉ា ចាប់តាំងពីការត្រួតពិនិត្យបានចាប់ផ្តើម។
អំពើហិង្សាបានកើនឡើងកាន់តែអាក្រក់នៅឆ្នាំ២០២៥នេះ ជាមួយនឹងការវាយប្រហារដោយពួកឧទ្ទាម រួមទាំងបណ្ដាញរបស់ក្រុមអាល់កៃដា ឈ្មោះហៅកាត់ថាក្រុម JNIM ដែលបានធ្វើការវាយប្រហារលើកដំបូងរបស់ខ្លួនក្នុងនីហ្សេរីយ៉ាកាលពីខែមុន និងក្រុមរដ្ឋអ៊ិស្លាមមួយទៀតឈ្មោះ ISWAP។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំបំផុតរបស់ WFP ក៏បានបន្ថយជំនួយបរទេសរបស់ខ្លួន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ហើយប្រទេសធំៗផ្សេងទៀតក៏បានធ្វើដូច្នេះ ឬប្រកាសផែនការបន្ថយជំនួយផងដែរ។ WFP ព្រមានថា ខ្លួននឹងអស់ថវិកាសម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ និងអាហារូបត្ថម្ភនៅខែធ្នូ ខាងមុខនេះហើយ ហើយនឹងធ្វើឱ្យមនុស្សរាប់លាននាក់ ដែលរស់ពឹងផ្អែកលើជំនួយរបស់ខ្លួន ពុំមានការផ្គត់ផ្គង់នោះទេនៅឆ្នាំ២០២៦៕

