សារព័ត៌មាន Politico Europe បានរាយការណ៍ដោយដកស្រង់ប្រភពថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបដិសេធមិនរៀបចំជំនួបទ្វេភាគីជាមួយប្រមុខការទូតរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas។

យោងតាមពួកគេ លោកស្រី Kallas «មិនទទួលបានការចាប់អារម្មណ៍ ដោយសារតែទំនាក់ទំនងដ៏លំបាករបស់លោកស្រី ជាមួយនឹងរដ្ឋបាលលោក ត្រាំ។
កាសែត Politico បានរាយការណ៍កាលពីខែកញ្ញាថា លោកស្រី Kallas កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង នៅទីក្រុងប្រ៊ុចសែលជុំវិញជំហររបស់លោកស្រីលើប្រទេសរុស្ស៊ី និងតំបន់ហ្កាហ្សា និងទំនាក់ទំនងដ៏តានតឹងជាមួយសហការីរបស់លោកស្រី។ យោងតាម Politico លោកស្រី «មិនបានធ្វើឱ្យមនុស្សមួយចំនួន នៅក្នុងគណៈកម្មការអឺរ៉ុប និងនៅទីក្រុងប្រ៊ុចសែល ចាប់អារម្មណ៍យ៉ាងទូលំទូលាយទេចាប់តាំងពីឡើងកាន់តំណែងជាអ្នកតំណាងជាន់ខ្ពស់នេះមក។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានចង្អុលបង្ហាញពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងដ៏តានតឹងរបស់លោកស្រីជាមួយសហការីមួយចំនួន និងភាពមិនចុះសម្រុងជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa។
លោកស្រី Kallas បានបម្រើការជានាយករដ្ឋមន្ត្រីអេស្តូនី មុនពេលលោកស្រីឡើងកាន់តំណែងជាអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅឆ្នាំ ២០២៤៕
