រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារនាពេលយប់ដោយយានដ្រូន លើតំបន់ផ្សេងៗរបស់គ្នាទៅវិញទៅមក ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់ស្លាប់។
ក្រុមមន្ត្រីនៅទីក្រុងគីវ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់រុស្សី នាពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ ខណៈ ៦នាក់ផ្សេងទៀតរងរបួស។ ហើយការវាយប្រហារ នាព្រឹកព្រលឹមថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះ ក៏បានត្រូវចំអគារលំនៅឋានយ៉ាងហោចណាស់ចំនួន ២ ផងដែរ ដោយបង្កជាអគ្គិភ័យ ហើយរំខានដល់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី។
ចំណែកមន្ត្រីរុស្ស៊ី បានប្រាប់ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់ Rostov។

ការវាយប្រហារចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្វាគមន៍ ចំពោះការផ្លាស់ប្តូរដែលបានស្នើឡើង ចំពោះផែនការសន្តិភាពដ៏ចម្រូងចម្រាស ២៨ចំណុចរបស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។
ហើយការវាយប្រហារគ្នាទៅវិញទៅមក រវាងអ៊ុយក្រែន និងរុស្ស៊ីនេះ ក៏បានកើតឡើងផងដែរនៅពេលដែលកិច្ចចរចាសន្តិភាព បានបន្តប្រព្រឹត្តទៅ រវាងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់អ៊ុយក្រែន ហាក់ដូចជាបានបង្កើតកំណែថ្មីនៃផែនការនេះ បន្ទាប់ពីបានច្រានចោលសេចក្ដីព្រាងពីមុនដែលត្រូវបានចាត់ទុកថា បំពេញដល់គោលដៅសង្គ្រាមរបស់រុស្ស៊ី។
កាលពីថ្ងៃចន្ទ លោក Zelensky បានបង្ហាញពីជំហានវិជ្ជមានមួយចំនួនឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលអាចសម្រេចបាន ដោយបានលើកឡើងថា «ធាតុត្រឹមត្រូវជាច្រើនត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌនេះ»។ ប៉ុន្តែមន្ត្រីវិមានក្រឹមឡាំងម្នាក់ បានច្រានចោលការផែនការត្រូវបានកែប្រែនេះ ដោយចាត់ទុកថា «គ្មានការស្ថាបនាទាំងស្រុង»៕


