សេដ្ឋកិច្ចមិនសូវល្អកំពុងបង្កបញ្ហាដល់ប្រទេសដែលមានសុភមង្គលបំផុតជាងគេ ក្នុងពិភពលោក។ ប៉ុន្តែបន្ទាប់ពីអត់ការងារធ្វើរយៈពេល ១.០០០ថ្ងៃ លោក Juho-Pekka Palomaa អាយុ ៣៣ឆ្នាំ មិនបានបណ្ដោយឲ្យបញ្ហារបស់ប្រទេសហ្វាំងឡង់នេះធ្វើឲ្យលោកមានគំនិតអវិជ្ជមានឡើយ។
ហ្វាំងឡង់កំពុងប្រឈមនឹងភាពទ្រឹងផ្នែកសេដ្ឋកិច្ច ការកើនឡើងនូវភាពអត់ការងារធ្វើ និងបញ្ហាអាប់អួផ្នែកហិរញ្ញវត្ថុសាធារណៈ ប៉ុន្តែនៅតែអាចទទួលបានតំណែងជាប្រទេសដែលមានសុភមង្គលបំផុតជាងគេ នៅលើពិភពលោក សម្រាប់រយៈពេល ៨ឆ្នាំជាប់ៗគ្នា នៅក្នុងរបាយការណ៍សុភមង្គលពិភពលោក (World Happiness Report) ប្រចាំឆ្នាំ នៅឆ្នាំនេះ។
បណ្ដាអ្នកជំនាញ បានលើកឡើងថា ភាពជោគជ័យរបស់ប្រទេសនេះ គឺដោយសារស្ថានភាពសុខុមាលភាពដ៏គាប់ប្រសើរ ប៉ុន្តែឥឡូវនេះ វាត្រូវបានកាត់បន្ថយ ដោយសារមន្ត្រីប្រឈមនឹងការកើនឡើងនូវការចំណាយសង្គមលើប្រជាជនមានវ័យចំណាស់។

លោក Palomaa ដែលបានប្រារព្ធភាពអត់ការងារធ្វើគម្រប់ ១.០០០ថ្ងៃរបស់លោក ជាមួយនឹងការតវ៉ាមានយកម្ហូបអាហារទៅផ្ទាល់ខ្លួន នៅកាំជណ្ដើររបស់រដ្ឋសភា បាននិយាយថា៖ «ខ្ញុំមានអំណរគុណ ដែលនៅក្នុងប្រទេសហ្វាំងឡង់ មានបណ្តាញសុវត្ថិភាព និងសន្តិសុខសង្គមដែលបានជួយដល់ខ្ញុំផ្នែកហិរញ្ញវត្ថុ។ ដូច្នេះ ប្រហែលជាខ្ញុំមិនមានអ្វីត្រូវសប្បាយចិត្តឲ្យលើសពីមុននោះឡើយ»។
អតីតអ្នកផលិតវីដេអូរូបនេះដែលបានដាក់ពាក្យសុំការងាររាប់មិនអស់ និងបានបញ្ចប់ការសម្ភាសន៍មិនជោគជ័យចំនួន ១១លើក បានបន្ថែមថា៖ «ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថា មានអ្វីច្រើនទេ ដែលខ្ញុំអាចធ្វើបាន ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ខ្ញុំ»។ តែយ៉ាងណាក្ដី លោកបានត្អូញត្អែរថា ទោះបីជាអត្ថប្រយោជន៍ សម្រាប់អ្នកអត់ការងារធ្វើ ត្រូវបានកាត់បន្ថយក៏ដោយ ក៏រដ្ឋាភិបាលមិនបានធ្វើឲ្យមានប្រែប្រួលឡើយនូវប្រាក់សោធននិវត្តន៍ដែលស្ទើរតែមិនត្រូវបានប៉ះពាល់៕
