យោងតាមទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ បានកើតមាននៅតំបន់ Kyushu របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះ។ ការរញ្ជួយកម្រិតទាបនេះបានកើតឡើងនៅជម្រៅប្រហែល ១០គីឡូម៉ែត្រ ជាកត្តាដែលអាចបង្កើនដល់អាំងតង់ស៊ីតេការរង្គើដី។
អាជ្ញាធរមិនទាន់បានចេញការព្រមាន អំពីរលកយក្សស៊ូណាមិភ្លាមៗនៅឡើយទេ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានរបាយការណ៍ អំពីការខូចខាតធំដុំនោះដែរ។ ឧបករណ៍វាស់ស្ទង់ នៅទូទាំងតំបន់ បានកត់ត្រាពីរំញ័រ ដោយបញ្ជាក់ពីភាពងាយរងគ្រោះដែលបន្តមានរបស់ជប៉ុន ចំពោះសកម្មភាពរញ្ជួយដី។

គួររំលឹកថា កាលពីដើមខែនេះ ជប៉ុនបានចេញសេចក្តីណែនាំ អំពីរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Iwate បន្ទាប់ពីមានរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ។ ប្រទេសនេះនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគំរាមកំហែងពីរញ្ជួយដី ដោយសារប្រវត្តិគ្រោះមហន្តរាយធម្មជាតិដ៏បំផ្លិចបំផ្លាញរបស់ខ្លួន៕
