របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះថា សង្រ្គាម នៅតំបន់ហ្កាហ្សារយៈពេល ២ឆ្នាំ និងការរឹតបន្តឹងសេដ្ឋកិច្ច បានបង្កឲ្យមានការដួលរលំមិនធ្លាប់មានពីមុន នៅក្នុងសេដ្ឋកិច្ចរបស់ប៉ាឡេស្ទីន ដោយបានបំផ្លាញដល់កំណើនជាច្រើនទសវត្សរ៍។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) បានឲ្យដឹងថា៖ «ការខូចខាតយ៉ាងធំធេង ចំពោះហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិផលិតភាព និងសេវាសាធារណៈ បានផ្លាស់ប្តូរវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជាច្រើនទសវត្សរ៍ នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន»។

របាយការណ៍បានបញ្ជាក់ថា GDP (ផលិតផលក្នុងស្រុកសរុប) របស់ប៉ាឡេស្ទីន សម្រាប់មនុស្សម្នាក់ នៅចុងឆ្នាំមុន បានវិលត្រលប់ទៅកាន់កម្រិតឆ្នាំ២០០៣ ដោយបំផ្លាញវឌ្ឍនភាពការអភិវឌ្ឍរយៈពេល ២២ឆ្នាំ។ របាយការណ៍នេះបានបន្ថែមថា វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន គឺស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចដ៏អាក្រក់បំផុតទាំង ១០ នៅលើពិភពលោក ចាប់តាំងពីឆ្នាំ១៩៦០។
របាយការណ៍បានឲ្យដឹងទៀតថា ទំហំនៃការខូចខាត នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានសង្គ្រាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មានន័យថា តំបន់នេះនឹងត្រូវពឹងផ្អែកលើការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយ ហើយការស្តារឡើងវិញ អាចនៅតែត្រូវការពេលវេលារាប់ទសវត្សរ៍។
លើសពីនោះទៀត របាយការណ៍របស់ UN បានលើកឡើងថា តំបន់ West Bank ក៏កំពុងទទួលរងនូវការធ្លាក់ចុះកំណើនយ៉ាងធ្ងន់ធ្ងរបំផុតផងដែរ ដែលត្រូវបានជំរុញដោយការរឹតបន្តឹងការធ្វើដំណើរ និងការចូលប្រើប្រាស់ ហើយនិងការបាត់បង់ឱកាស នៅទូទាំងគ្រប់វិស័យនៃសេដ្ឋកិច្ច៕


