ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមជីហាតឥស្លាម បានឲ្យដឹងថា ពួកគេនឹងប្រគល់អដ្ឋិធាតុនៃចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា នៅវេលាម៉ោង ១៤:00 ម៉ោងសកល នាថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយសំដៅទៅលើអង្គភាពប្រដាប់អាវុធរបស់ពួកគេ ក្រុមទាំង ២ នេះបានឲ្យដឹងថា៖ «កងពលតូច al-Quds និងកងពលតូច Ezzedine al-Qassam នឹងប្រគល់សាកសពអ្នកត្រូវបានចាប់ឃុំខ្លួនជាជនជាតិអ៊ីស្រាអែលម្នាក់ដែលត្រូវបានរកឃើញ នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប នៅម៉ោង ៤:០០ល្ងាចនេះ ម៉ោងនៅតំបន់ហ្កាហ្សា (ត្រូវនឹងម៉ោង ១៤:០០ ម៉ោងសកល)»។
នៅព្រឹកថ្ងៃអង្គារនេះ អ៊ីស្រាអែល បានប្រាប់ថា ការពន្យារពេល ក្នុងការប្រគល់សាកសពចំណាប់ថ្នូរដែលក្រុមជីហាតឥស្លាម បាននិយាយថា ខ្លួនបានរកឃើញនោះ គឺជា «ការរំលោភ» លើបទឈប់បាញ់ដ៏ផុយស្រួយ។
ក្រុមជីហាតឥស្លាម បានប្រាប់ថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរម្នាក់ កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលមានប្រតិបត្តិការស្វែងរក នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។ ប្រភពមួយពីក្រុមជីហាតឥស្លាម ដែលសុំនិយាយក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះ បានអះអាងថា អដ្ឋិធាតុទាំងនោះ គឺជារបស់ចំណាប់ថ្នូរម្នាក់ ក្នុងចំណោមចំណាប់ថ្នូរ ៣នាក់ចុងក្រោយ ដែលពួកសកម្មប្រយុទ្ធចាប់ឃុំខ្លួននៅក្នុងដែនដីនេះ៕