ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាបន្ទាន់ ដល់កម្លាំងជំនាញឲ្យស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ យកមកសួរនាំ ។
ឧត្តមសេនីយ៍ស្នងការ បានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនឲ្យដឹងថា ខ្ញុំបាទបានឃើញរូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ ( សូមកុំធ្វើទង្វើលឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ ) ។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើពាក្យពេជន៍សម្លុតគំរាមលើអ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។
ផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ជនស៊ីវិលទាំង០២ កំពុងព្យាយាមការពារមេកើយរបស់ខ្លួន តាមរយៈការមិនឲ្យយានយន្តដទៃដែលកំពុងធ្វើដំណើរលើដងផ្លូវ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជារថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕ លីហេង



