ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានដើរដង្ហែរក្បួនឆ្លងកាត់ទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីល្ងាចថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រី។

ក្រុមអ្នកតវ៉ា បានកាន់បដា ច្រៀងចម្រៀង ស្រែក និងវាយស្គរ ខណៈពួកគេដើរតាមបណ្តោយផ្លូវ Atocha កណ្តាលទីក្រុង។
រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥ ស្ត្រីចំនួន៣៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអេស្ប៉ាញ ដោយដៃគូ ឬអតីតជាដៃគូរបស់ពួកគេ។ យោងតាមវិទ្យាស្ថានស្ថិតិជាតិបានឲ្យដឹងថា ឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះសម្រាប់ជនរងគ្រោះជាស្ត្រីពីអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងប្រទេសអេស្ប៉ាញ គឺនៅឆ្នាំ២០០៨ ដោយមានស្ត្រី៧៦នាក់ត្រូវបានសម្លាប់។

ចំនួនជនរងគ្រោះសរុបចាប់តាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្នមានចំនួន១.៣៣៣នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងជំរុញយុត្តិធម៌និងសមធម៌។
អង្គការសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការ ថ្ងៃទី២៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អំពើហិង្សាលើស្ត្រីក្នុងឆ្នាំ២០០០ ជាមធ្យោបាយមួយដើម្បីបង្កើនការយល់ដឹង និងជំរុញសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ។