អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានបង្កឲ្យមានការបំផ្លិចបំផ្លាញបង្កើតឡើងដោយមនុស្ស ហើយការកសាងឡើងវិញទំនងជាត្រូវចំណាយប្រាក់អស់ជាង៧០ ពាន់លានដុល្លារ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (Unctad) បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានធ្វើឱ្យខូចដល់សសរស្តម្ភនៃការរស់រានមានជីវិតទាំងអស់ ហើយប្រជាជនទាំងមូលចំនួន២,៣ លាននាក់បានប្រឈមនឹងភាពក្រីក្រខ្លាំង។
ទីភ្នាក់ងារពាណិជ្ជកម្មអង្គការសហប្រជាជាតិខាងលើនេះ ព្រមានថា តំបន់ហ្កាហ្សាកំពុងប្រឈមនឹងការដួលរលំសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។
របាយការណ៍នេះបាននិយាយថា សេដ្ឋកិច្ចរបស់តំបន់ហ្កាហ្សាបានធ្លាក់ចុះ ៨៧% ក្នុងរយៈពេលនៃ២០២៣ដល់២០២៤ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់របស់ខ្លួនមានត្រឹមតែ ១៦១ ដុល្លារប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតនៅទូទាំងពិភពលោក។
របាយការណ៍នេះក៏បានរកឃើញផងដែរថា អំពើហិង្សា ការពង្រីកការតាំងទីលំនៅយ៉ាងឆាប់រហ័ស និងការរឹតបន្តឹងលើចលនាកម្មករ បានបំផ្លាញសេដ្ឋកិច្ចនៅក្នុងតំបន់ West Bank។
សេដ្ឋវិទូជាន់ខ្ពស់ លោក Mutasim Elagraaដែលសម្របសម្រួលកម្មវិធីគាំទ្រជនជាតិប៉ាឡេស្ទីនរបស់ទីភ្នាក់ងារ UNCTAD បាននិយាយថា ការដួលរលំនេះធ្ងន់ធ្ងរខ្លាំងណាស់ ដែលបានលុបបំបាត់ការអភិវឌ្ឍន៍របស់មនុស្សក្នុងតំបន់រងការឡោមព័ទ្ធនេះដល់ទៅ៧០ ឆ្នាំ៕


