ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (២៥ វិច្ឆិកា) បានងាកចេញពីឱសានវាទនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា របស់លោក សម្រាប់ឱ្យអ៊ុយក្រែន យល់ព្រមលើផែនការសន្តិភាពដែលសហរដ្ឋអាមេរិកគាំទ្រ ដោយនិយាយថា "ពេលវេលាកំណត់សម្រាប់លោក គឺនៅពេលណាដែលគ្រប់យ៉ាងបញ្ចប់"។

ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air ForceOne ក្នុងពេលហោះហើរទៅកាន់រដ្ឋ Florida សម្រាប់ថ្ងៃបុណ្យ Thanksgiving — លោក Trump បាននិយាយថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកកំពុងបង្កើតវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានយល់ព្រមលើសម្បទានមួយចំនួនផងដែរ ប៉ុន្តែលោកមិនបានលម្អិតនោះទេ។

ក្របខណ្ឌសន្តិភាពមួយដែលព្រាងដោយអាមេរិក សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បានជំរុញឱ្យមានក្ដីបារម្ភថ្មីៗថា រដ្ឋបាលលោក Trump អាចរុញអ៊ុយក្រែនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលលំអៀងខ្លាំងទៅខាងរុស្ស៊ី។ ប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានកំណត់យកថ្ងៃបុណ្យ Thanksgiving គឺនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ស្អែកនេះ ជាថ្ងៃដែលលោកចង់ឃើញអ៊ុយក្រែន យល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។
ប៉ុន្តែប្រធានាធិបតីរូបនេះ និងជំនួយការរបស់លោក បានងាកចេញពីពេលវេលាកំណត់ដ៏រឹងមាំរបស់ខ្លួន ហើយឥឡូវនេះ បាននិយាយថា ពុំមានថ្ងៃកំណត់ច្បាស់លាស់ទេ ហើយពួកគេចង់បានកិច្ចព្រមព្រៀងឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ លោក Trump ក៏លើកឡើងថា រុស្ស៊ី ហាក់ដូចជាមានប្រៀបក្នុងសង្រ្គាម ហើយថា ការឈានដល់កិច្ចព្រមព្រៀងមួយនឹងជាប្រយោជន៍ល្អបំផុតសម្រាប់អ៊ុយក្រែន៕
