ចាប់ពីដើមឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន ព្យុះ ទឹកជំនន់ និងបំណាក់ដីជាបន្តបន្ទាប់ ដែលខ្លះមានកម្រិតធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ បានវាយប្រហារប្រទេសវៀតណាម ដោយបណ្តាលឱ្យមនុស្ស ៤០៩ នាក់ស្លាប់ ឬបាត់ខ្លួន និង៧២៧ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត ដែលបានចេញផ្សាយដោយសារព័ត៌មានវៀតណាមនៅថ្ងៃ២៦វិច្ឆិកា សប្ដាហ៍នេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN ដែលបានចេញផ្សាយនៅថ្ងៃ២៦វិច្ឆិកា សប្ដាហ៍នេះដែរ បានឲ្យដឹងថា ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេសវៀតណាម បានសម្លាប់មនុស្ស ៩៨ នាក់ និងបាត់ខ្លួន១០ នាក់។ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារភាគកណ្តាលវៀតណាមចាប់តាំងពីចុងខែតុលា២០២៥នេះមក ហើយគោលដៅវិស្សមកាលដ៏ពេញនិយមនានា ត្រូវបានវាយប្រហារដោយទឹកជំនន់ជាច្រើនលើក។
ផ្ទះជាង ៣៣៧.០០០ ខ្នងបានត្រូវបានដួលរលំ ហូរកួចតាមទឹក ឬរងការខូចខាត ខណៈស្រូវ និងដំណាំចំនួន ៥៥៣.៤១៧ ហិកតា និងចម្ការផ្សេងទៀតចំនួន ៣៧៦.៧៩២ ហិកតាត្រូវបានជន់លិច។ ការខាតបង់សេដ្ឋកិច្ចសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៥,០៩៩ សែនកោដិដុង ឬស្មើ ៣,២ ពាន់លានដុល្លារអាមេរិក។ សម្រាប់ការប្រៀបធៀប ពេញមួយឆ្នាំ ២០២៤ មានមនុស្ស ៥១៩ នាក់ស្លាប់ ឬបាត់ខ្លួន ហើយការខូចខាតសេដ្ឋកិច្ចមានប្រហែល ៣,៩ សែនកោដិដុង។
ថ្លែងក្នុងវេទិកាមួយស្តីពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការព្យាករណ៍គ្រោះមហន្តរាយ និងការព្រមានជាមុន ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន លោក Nguyễn Tôn Quân អនុប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយសហគមន៍ និងផ្នែកទំនាក់ទំនង ក្រោមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បាននិយាយថា ព្យុះ និងសម្ពាធត្រូពិចចំនួន ១៩ បានចូលទៅក្នុងសមុទ្រខាងកើតរបស់ប្រទេសវៀតណាម ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជាសមុទ្រចិនខាងត្បូង នៅឆ្នាំនេះ រួមទាំងព្យុះទីហ្វុងចំនួន ១៤ និងសម្ពាធទាបចំនួន ៥៕


