សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា បានកំណត់ជាផ្លូវការនូវក្រុម Cartel de los Soles របស់ប្រទេសវ៉េណេស៊ុយអេឡាជាអង្គការភេរវកម្មបរទេស ដោយដាក់ទណ្ឌកម្មបន្ថែមទាក់ទងនឹងភេរវកម្មទៅលើក្រុមនេះដែលអាមេរិកបាននិយាយថា រួមមានទាំងប្រធានាធិបតី លោក Nicolas Maduro និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត។

សហរដ្ឋអាមេរិក រយៈពេលជាច្រើនខែមកនេះ បានធ្វើយុទ្ធនាការវាយប្រហារដ៏ខ្លាំងក្លាទៅលើទូករត់ពន្ធគ្រឿងញៀនដែលសង្ស័យនៅឆ្នេរសមុទ្រប្រទេសវ៉េណេស៊ុយអេឡា និងឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសអាមេរិកឡាទីន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានត្រៀមជាស្រេចដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដើម្បីត្រៀមទប់ទល់សម្រាប់ការវាយប្រហារដែលអាចកើតមាន ប្រទេសវ៉េណេស៊ុយអេឡា បានដាក់ពង្រាយសព្វាវុធ រួមមានទាំងយុទ្ធោបករណ៍ផលិតដោយប្រទេសរុស្ស៊ីដែលមានអាយុកាលរាប់ទសវត្សរ៍ ហើយកំពុងមានផែនការបង្កើនការទប់ទល់តាមបែបទ័ពព្រៃក្នុងករណីមានការវាយប្រហារតាមអាកាស ឬជើងគោក។.