អង្គការសហប្រជាជាតិ កំពុងចាប់ផ្តើមដំណើរការជ្រើសរើសអគ្គលេខាធិការបន្ទាប់របស់ខ្លួន ហើយរដ្ឋជាសមាជិកកំពុងត្រូវបានលើកទឹកចិត្តឱ្យតែងតាំងស្ត្រីសម្រាប់តំណែងជាន់ខ្ពស់នេះ។
អគ្គលេខាធិការបច្ចុប្បន្ន លោក Antonio Guterres នឹងលាចេញពីតំណែងនៅចុងឆ្នាំ២០២៦ នៅពេលដែលលោកបញ្ចប់អាណត្តិប្រាំឆ្នាំលើកទីពីររបស់លោក។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី Annalena Baerbock និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Michael Imran Kanu បានប្រកាសរួមគ្នានៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃអង្គារថាដំណើរការជ្រើសរើសអ្នកបន្តតំណែងរបស់លោកGuterres បានចាប់ផ្តើមហើយ។

លិខិតនោះនិយាយថា បេក្ខជនចាំបាច់ត្រូវមានជំនាញផ្នែកការទូតនិងភាសា និងត្រូវបំពេញតាមតម្រូវការផ្សេងៗទៀត។ វាក៏បង្ហាញពីការសោកស្តាយដែលថាគ្មានស្ត្រីណាម្នាក់ធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការនោះទេ ហើយបានជំរុញរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិឱ្យពិចារណាហ្មត់ចត់ចំពោះការតែងតាំងបេក្ខជនជាស្ត្រី។ រដ្ឋសមាជិកនីមួយៗអាចតែងតាំងបេក្ខជនម្នាក់ ជាលក្ខណៈបុគ្គល ឬរួមគ្នាជាមួយរដ្ឋដទៃទៀត។ គេហទំព័ររបស់អង្គការសហប្រជាជាតិនឹងបង្ហោះឈ្មោះ ប្រវត្តិរូបសង្ខេប និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់បេក្ខជន ព្រមទាំងឈ្មោះប្រទេសដែលតែងតាំង។
លោកស្រី Baerbock បានប្រាប់អ្នកសារព័ត៌មានថា ដំណើរការជ្រើសរើសនិងតែងតាំង ត្រូវតែដឹកនាំដោយគោលការណ៍នៃតម្លាភាព និងការរួមគ្នា។
លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រកាសរួចហើយអំពីបំណងរបស់លោកសម្រាប់តំណែងនេះ។ ប្រទេសជាច្រើននៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង កំពុងរៀបចំតែងតាំងបេក្ខជនជាស្ត្រីរបស់ខ្លួន។