កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងមន្ត្រីទីភ្នាក់ងារសន្តិសុខ Shin Bet បានប្រកាសនៅព្រឹកថ្ងៃពុធ (២៦ វិច្ឆិកា) នេះថា កងកម្លាំងបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្ម "ទ្រង់ទ្រាយធំ" នៅភាគខាងជើងតំបន់កាន់កាប់ West Bank ដោយនិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យ "ក្រុមភេរវជនចូលខ្លួនទៅនៅក្នុងតំបន់នោះទេ"។

ប្រតិបត្តិការ ដែលបានចាប់ផ្តើមរួចទៅហើយនៅយប់ឈានចូលថ្ងៃពុធនេះ ពាក់ព័ន្ធនឹងការវាយឆ្មក់យ៉ាងសកម្ម ក្នុងគោលបំណងរារាំងការវាយប្រហារភេរវកម្ម។ យោធាបានពណ៌នាថា នេះជាបេសកកម្មប្រកបដោយនិរន្តរភាព ដែលរំពឹងថានឹងមានរយៈពេលច្រើនថ្ងៃ ស្រដៀងទៅនឹងប្រតិបត្តិការផ្សេងទៀតដែលបានធ្វើឡើងនៅក្នុងជំរំជនភៀសខ្លួន West Bank អំឡុងពេលសង្គ្រាមហ្កាហ្សា។
ការវាយឆ្មក់ផ្តោតលើតំបន់ដែលគេហៅថា "ភូមិចំនួនប្រាំ" រួមទាំង Tamun និង Tubas ។ ប្រធានភូមិ Tubas បានប្រកាសថា កងទ័ពអ៊ីស្រាអែល បានដាក់បម្រាមគោចរចាប់ពីម៉ោងក្នុងស្រុក ៤ព្រឹកព្រលឹមថ្ងៃពុធនេះ ខណៈបម្រាមគោចរបែបនេះក៏ត្រូវបានប្រកាសនៅទីតាំងផ្សេងទៀតផងដែរ។
ក្រុមមន្ត្រីបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើម បន្ទាប់ពីកំណត់ឃើញការប៉ុនប៉ងរបស់អង្គការភេរវករ ដើម្បីបង្កើតទីតាំងឈរជើងក្នុងភូមិជាច្រើននៅ West Bank ក្នុងអ្វីដែលក្រុមមន្ត្រីអ៊ីស្រាអែល អះអាងថា បាននិងកំពុងសាងសង់ឡើងតាំងតែពីខែសីហា មក៕

