ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរងការបំផ្លិចបំផ្លាញ កាលពីថ្ងៃអង្គារ (២៥ វិច្ឆិកា) បង្កជាការលិចលង់ដល់តង់បណ្ដោះអាសន្នរបស់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលពុំមានផ្ទះសម្បែង ហើយក៏កំពុងប្រឈមមុខនឹងការរំពឹងទុកនៃព្យុះផ្លៀងរដូវរងាដ៏កំណាច។
ភាគច្រើននៃប្រជាជន ២លាននាក់ របស់ហ្កាហ្សា ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងអំឡុងពេលសង្គ្រាមដីគោកនិងផ្លូវអាកាសអស់ពេល ២ឆ្នាំ របស់អ៊ីស្រាអែល នៅក្នុងតំបន់ដ៏តូចចង្អៀតនេះ ដែលបញ្ឆេះឡើងដោយការវាយប្រហារខែតុលា ឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ បច្ចុប្បន្ន មនុស្សជាច្រើនរស់នៅក្នុងតង់ និងទីជម្រកបណ្ដោះអាសន្នផ្សេងទៀត ដោយសារលំនៅឋានត្រូវបំផ្លាញក្នុងសង្រ្គាម។

បទឈប់បាញ់បានបន្តយ៉ាងទូលំទូលាយចាប់តាំងពីពាក់កណ្តាលខែតុលាមក ប៉ុន្តែសង្រ្គាមបានបំផ្លាញតំបន់ហ្កាហ្សាភាគច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដែលធ្វើឱ្យអ្នកស្រុកប្រឈមហានិភ័យខ្ពស់ក្នុងរដូវរងា។ សេវាការពារស៊ីវិលប៉ាឡេស្ទីន បាននិយាយថា តង់របស់ជនភៀសខ្លួនរាប់ពាន់គ្រួសារ ត្រូវបានជន់លិចដោយទឹកភ្លៀង ឬរងការខូចខាតដោយព្យុះភ្លៀងដ៏ខ្លាំងក្លា កាលពីសប្តាហ៍មុន។
លោក Amjad Al-Shawa ប្រធានបណ្តាញអង្គការក្រៅរដ្ឋាភិបាលនៅប៉ាឡេស្ទីន បាននិយាយថា មានតម្រូវការបន្ទាន់សម្រាប់តង់ថ្មីយ៉ាងហោចណាស់ ៣០ម៉ឺនសម្រាប់ ឱ្យដល់ប្រជាជនប្រហែល ១,៥លាននាក់ ដែលនៅតែពុំមានផ្ទះសម្បែង៕



