រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្ស៊កដានីរបស់ខ្លួន លោក Ayman Safadiថា បញ្ហាទាក់ទងនឹងសហភាពអឺរ៉ុប និងអង្គការណាតូរហូតមកដល់ពេលនេះ ត្រូវបានដកចេញពីរបៀបវារៈនៃការចរចាស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បាននិយាយថា៖«បញ្ហាដែលប៉ះពាល់ដល់អង្គការណាតូ អឺរ៉ុប និងសហភាពអឺរ៉ុបរហូតមកដល់ពេលនេះ ត្រូវបានដកចេញពីការចរចារវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី។ នេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ ដែលយើងបានតស៊ូមតិនៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស កាលពីចុងសប្តាហ៍មុន»។

លោកបានបញ្ជាក់ថា៖«បញ្ហាទាំងនេះ ពិតជាគួរត្រូវបានពិភាក្សានៅពេលអនាគត និងជាការពិតណាស់ ជាមួយយើង ដែលជាប្រជាជនអឺរ៉ុប។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចា នៅពេលណាក៏បាន ប៉ុន្តែសង្គ្រាម ត្រូវតែបញ្ចប់។ ជាដំបូង ខ្ញុំគិតថា យើងត្រូវការផ្លូវមួយទៅកាន់ការចរចាពិតប្រាកដរវាងអ៊ុយក្រែន និង រុស្ស៊ី»។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានស្នើផែនការ ២៨ចំណុច សម្រាប់ការដោះស្រាយបញ្ហាអ៊ុយ ក្រែន ដែលបានបង្កឲ្យមានការមិនពេញចិត្តក្នុងចំណោមដៃគូរបស់ទីក្រុងគីវ នៅអឺរ៉ុប។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើការពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវអំពីផែនការនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានហៅកិច្ចប្រជុំនេះថា បានផ្តល់អត្ថប្រយោជន៍ច្រើន បំផុត រហូតមកដល់បច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ អាចឯកភាពគ្នាលើផែនការភាគច្រើន។ លោក Rubio បាននិយាយថា សហរដ្ឋអាមេរិកបានយល់ព្រមផ្លាស់ប្តូរចំណុចស្តីពីការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន និងសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការណាតូ ទៅជាការចរចាដាច់ដោយឡែកពីគ្នា។ យោងតាមកាសែត The Washington Post បន្ទាប់ពីការពិគ្រោះយោបល់ទាំងនេះ ចំណុចទាំងអស់នៃផែនការនេះ ត្រូវបានកាត់បន្ថយមកត្រឹម ១៩ចំណុច៕
