ប្រទេសស៊ីរីបានឃើញរលកនៃការរំខានសន្តិសុខកាលពីថ្ងៃអង្គារ ចាប់ពីភាពចលាចលបង្កឡើងដោយការប្រកាន់និកាយនៅក្នុងខេត្ត Homs ភាគកណ្តាល និងការតវ៉ានៅតាមឆ្នេរសមុទ្រ រហូតដល់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងខេត្ត Aleppo ភាគខាងជើង ដែលបង្ហាញពីស្ថិរភាពដ៏ផុយស្រួយរបស់ប្រទេសនេះ។
ភាពតានតឹង បានផ្ទុះឡើង បន្ទាប់ពីការសម្លាប់ប្តីប្រពន្ធជនជាតិដើម Bedouin និកាយស៊ុននី នៅក្នុងខេត្ត Homs កាលពីសប្តាហ៍មុន ដែលអាជ្ញាធរបាននិយាយថា មានគោលបំណងញុះញង់ឲ្យមានជម្លោះ និកាយ។ ការវាយប្រហារសងសឹកនៅក្នុងសង្កាត់ ដែលមានជនជាតិភាគតិចអាឡាវីត (Alawite) ជាច្រើន រស់នៅ បានជំរុញឲ្យមានប្រកាសដាក់បម្រាមគោចររយៈពេល ១២ម៉ោង នៅពេលយប់ និងបង្កើនសន្តិ សុខ។

ហេតុការណ៍នេះ បានបង្កឲ្យមានការតវ៉ាដ៏កម្រដែលដឹកនាំដោយជនជាតិភាគតិចអាឡាវីត នៅទូទាំងតំបន់ឆ្នេរសមុទ្រកាលពីថ្ងៃអង្គារ។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្ម នៅទូទាំងទីតាំងយ៉ាងហោចណាស់ ៤២កន្លែង ដោយបានថ្កោលទោសចំពោះបង្កហេតុដោយការប្រកាន់និកាយ។
អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បានរាយការណ៍ពីភាពចលាចលដាច់ដោយឡែកផងដែរ រួមទាំងការប៉ុនប៉ងបំផ្លាញរូបសំណាកនៅក្នុងទីក្រុង Tartous និងការបាញ់ប្រហារនៅ ទីក្រុង Latakia ដែលបានបង្កឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ៕
លោក Noureddin al-Baba អ្នកនាំពាក្យអាជ្ញាធរមហាផ្ទៃ ដែលត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ al-Ikhbaria ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា សិទ្ធិក្នុងការតវ៉ាត្រូវបានធានា ប៉ុន្តែបានព្រមានប្រឆាំងនឹងការប៉ុនប៉ងសាបព្រោះការបែកបាក់ដោយសារការប្រកាន់និកាយ៕
