រដ្ឋមន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកាថា ប្រទេសគុយបាកំពុងពិចារណាលើវិធានការមួយចំនួន ដើម្បីទាក់ទាញការវិនិយោគពីបរទេស ដោយបង្កើតបរិយាកាសអាជីវកម្ម «កាន់តែសាមញ្ញ សកម្មជាងមុន និងមានតម្លាភាពជាងមុន» ខណៈប្រទេសកោះមួយនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោក Oscar Perez-Oliva Fraga រដ្ឋមន្ត្រីក្រសួងវិនិយោគបរទេស បាននិយាយនៅក្នុងវេទិកាមួយខាងក្រៅទីក្រុងឡាហាវ៉ានថា រដ្ឋាភិបាលដឹកនាំដោយកុម្មុយនិស្ត នឹងអនុញ្ញាតឱ្យអ្នកវិនិយោគធ្វើប្រតិបត្តិការនិងបើកប្រាក់ឱ្យបុគ្គលិកជាប្រាក់ដុល្លារ ជួលពួកគេដោយផ្ទាល់ និងអាចទិញអចលនទ្រព្យ។ រដ្ឋមន្ត្រីរូបនេះបាននិយាយថា អាជីវកម្មបរទេសនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈផ្ទាល់ខ្លួនរបស់ពួកគេនៅពេលចាំបាច់ ហើយដំណើរការច្រើនដំណាក់កាលនិងពេលវេលារង់ចាំ នឹងត្រូវបានកាត់បន្ថយលើការអនុញ្ញាតពីរដ្ឋាភិបាល។

វិធានការទាំងនេះ ប្រសិនបើត្រូវបានតាក់តែងចូលជាច្បាប់និងត្រូវបានអនុវត្ត នោះនឹងបង្ហាញពីការចេញឆ្ងាយជាបន្តបន្ទាប់ពីរបបវិនិយោគដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ គុយបា និយាយថា ខ្លួនមានអាជីវកម្មបរទេសចំនួន៣៧៦ប្រតិបត្តិការ ដែលដំណើរការនៅលើកោះនេះមកពី៤០ប្រទេស។
ការដាច់ចរន្តអគ្គិសនីច្រើនម៉ោងជារៀងរាល់ថ្ងៃ ជំងឺរាតត្បាតដោយមេរោគឆ្លងតាមសត្វមូស និងការធ្លាក់ចុះនៃតម្លៃប្រាក់ប៉េសូ រួមជាមួយនឹងការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់របស់អ្នកស្រុកក្នុងវ័យធ្វើការងារ ចាកចេញពីកោះនេះ បានធ្វើឱ្យបរិយាកាសវិនិយោគកាន់តែយ៉ាប់យ៉ឺន។
រដ្ឋបាលរបស់លោកTrump ក្នុងអាណត្តិលើកទីពីរនេះ បានពង្រឹងទណ្ឌកម្ម ដោយដាក់ប្រទេសគុយបា ត្រឡប់ទៅរកបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់សហរដ្ឋអាមេរិកវិញ រឹតបន្តឹងច្បាប់ស្តីពីប្រាក់បញ្ញើ និងបិទកម្មវិធីអន្តោប្រវេសន៍ក្នុងសម័យកាលលោក Joe Biden។
