នគរបាលឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធ (២៦ វិច្ឆិកា) នេះថា មនុស្សយ៉ាងតិច ១៣នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ មនុស្ស ៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្លា បានបង្កជាទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីនៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី។
នគរបាលជាតិឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមជួយសង្រ្គោះបានជួបការលំបាកក្នុងការទៅដល់ទីតាំងប៉ះពាល់ ដែលស្ថិតនៅតំបន់ចំនួន៦ នៃខេត្តស៊ូម៉ាត្រាខាងជើង បន្ទាប់ពីភ្លៀងមូសុងកាលពីប៉ុន្មានសប្ដាហ៍មុន ធ្វើឱ្យទន្លេហូរហៀរលើសកម្រិត បង្កការជន់លិចតាមភូមិនានានៅទីនោះ ហើយល្បប់ភក់ កម្ទេចថ្ម និងដើមឈើបានបាក់រលំ បណ្ដាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើន។

សេចក្តីថ្លែងការណ៍បន្តថា ទីក្រុង Sibolga រងគ្រោះខ្លាំងជាងគេ ហើយនៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះបន្តតាមរកអ្នកភូមិដែលត្រូវរាយការណ៍ថាបានបាត់ខ្លួន។ នៅក្នុងសង្កាត់ Tapanuli កណ្ដាល ដែលនៅជិតខាង បំណាក់ដីបានគ្របសង្កត់លំនៅឋានជាច្រើន ហើយទឹកជំនន់បានលិចលង់ផ្ទះសម្បែង និងអគារជិត២.០០០ខ្នង។
វីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហាញឱ្យឃើញទឹកជំនន់រីករាលដាល ខណៈអ្នកស្រុកភ័យស្លន់ស្លោ រត់សម្រុកទៅរកទីសុវត្ថិភាព។ នៅតំបន់ខ្លះ កម្ពស់ទឹកជំនន់បានហក់ឡើងយ៉ាងលឿន ដោយជន់លិចផ្លូវថ្នល់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕

