រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរបារាំង បានចាប់ខ្លួនមនុស្សបីនាក់ ដោយសង្ស័យថា បានធ្វើចារកម្មឲ្យរុស្ស៊ី និងធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយការឃោសនាសង្គ្រាមរបស់ខ្លួន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើសមាគមបារាំង-រុស្ស៊ី។
ការចាប់ខ្លួនទាំងនេះ បានកើតឡើង ខណៈដែលការភ័យខ្លាចចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅទូទាំងទ្វីបអឺរ៉ុប កំពុងស្ថិតក្នុងកម្រិតខ្ពស់ ដោយរដ្ឋធានីលោកខាងលិច បានចោទប្រកាន់សេវាចារកម្មរបស់ទីក្រុងមូស្គូ ខណៈពេលដែលយុទ្ធនាការយោធារបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន នៅតែបន្ត។

ការិយាល័យរដ្ឋអាជ្ញាក្រុងនេះ បាននិយាយថា បុរសម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន គឺជាបុរស រុស្ស៊ីអាយុ ៤០ ឆ្នាំ ត្រូវបានគេឃើញនៅលើវីដេអូឃ្លាំមើល ក្នុងខែកញ្ញា ដោយកំពុងដាក់ផ្ទាំងរូបភាពគាំទ្ររុស្ស៊ីនៅលើក្លោងទ្វារ Arc de Triomphe ក្នុងទីក្រុងប៉ារីស។
បន្ទាប់មក បុរសនោះ បានរាយការណ៍តាមទូរស័ព្ទទៅកាន់ប្រធានសមាគម SOS Donbass ដែលជាស្ត្រីម្នាក់ដែលមានអាយុ ៤០ ឆ្នាំផងដែរ ដែលត្រូវបានមន្ត្រីប្រឆាំងចារកម្មបារាំងសង្ស័យថា កំពុងព្យាយាមទទួលបានព័ត៌មានសេដ្ឋកិច្ចពីនាយកប្រតិបត្តិក្រុមហ៊ុនបារាំង៕
