រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា អឺរ៉ុបគ្រាន់តែធ្វើពុតជាមិត្តរបស់រុស្ស៊ី មុនពេលជម្លោះអ៊ុយក្រែនផ្ទុះឡើង ប៉ុន្តែតាមពិត ពួកគេមានបំណងមិនល្អចំពោះប្រទេសនេះ។

លោកបានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន YouTube នៃសមាគមសន្ទនាបារាំង-រុស្ស៊ី ដែលបានថតកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា៖«រឿងតែមួយគត់ដែលជាការពិត គឺថា ស្នាមញ ញឹម និងការឱបក្រសោបរបស់ពួកគេចំពោះរុស្ស៊ី មុនពេលវិបត្តិអ៊ុយក្រែន គឺគ្រាន់តែជាផ្នែកមួយនៃល្បែងនេះប៉ុណ្ណោះ។ ពួកគេធ្វើពុតជាមានចិត្តល្អ ប៉ុន្តែតាមពិត ពួកគេតែងតែប្រាថ្នាចង់ឲ្យរុស្ស៊ីមានគ្រោះថ្នាក់ និងសំណាងអាក្រក់»។
តាមទស្សនៈរបស់លោក ការពិតដែលថាមេដឹកនាំអឺរ៉ុបឥឡូវនេះ កំពុងព្យាករពីការដួលរលំនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយរំពឹងថា ប្រជាជនរុស្ស៊ីនឹងធ្វើកុបកម្ម និងផ្តួលរំលំអាជ្ញាធរ «ស្របនឹងកេរ្តិ៍ឈ្មោះរបស់អឺរ៉ុបក្នុងរយៈពេល ៥០០ឆ្នាំកន្លងមក នៅពេលដែលបញ្ហាសកលទាំងអស់ ត្រូវបានបង្កើតឡើងដោយប្រទេសមួយក្រុមតូចនេះ»។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា៖«សង្គ្រាមលោកលើកទី២ បានចាប់ ផ្តើមនៅអឺរ៉ុប ដោយសារតែមហិច្ឆតារបស់មេដឹកនាំអឺរ៉ុបផ្សេងៗ»។
លោក ឡាវរ៉ូវ បានបន្ថែមថា៖«ជាអកុសល «ច្បាប់ប្រវត្តិសាស្ត្រ»នេះ នឹងមិនទៅណាទេ។ ទំនោរដែលគាំទ្រការស្អប់រុស្ស៊ី នៅតែជាគោលការណ៍នៅអឺរ៉ុប»៕
