ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋអេហ្ស៊ីប បានរាយការណ៍ថា គណៈប្រតិភូមកពីប្រទេសអេហ្ស៊ីប កាតា និងទួរគី ដែលជាអ្នកសម្រុះសម្រួលរួមជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នៅទីក្រុងគែររបស់អេហ្ស៊ីប ដើម្បីពិភាក្សាអំពីដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងនេះ។
សារព័ត៌មាន Al-Qahera News បានឲ្យដឹងថា កិច្ចប្រជុំនេះ បានរួមបញ្ចូលប្រមុខចារកម្មអេហ្ស៊ីប និងទួរគី រួមជាមួយនឹងនាយករដ្ឋមន្ត្រីកាតា។ បណ្តាញសារព័ត៌មាននេះ បានរាយការណ៍ថា គណៈប្រតិភូបានពិភាក្សាការងារជាមួយសហរដ្ឋអាមេរិក «ដើម្បីធានាឲ្យមានការអនុវត្តដោយជោគជ័យនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី២» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

គួរបញ្ជាក់ថា អេហ្ស៊ីប កាតា ទួរគី និងសហរដ្ឋអាមេរិក ដើរតួនាទីទាំងជាអ្នកសម្រុះសម្រួល និងអ្នកធានាឲ្យមានកិច្ចព្រមព្រៀងហ្កាហ្សា ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា បន្ទាប់ពីសង្រ្គាមផ្ទុះឡើងអស់រយៈពេល ២ឆ្នាំ។ ហើយកិច្ចប្រជុំនៅទីក្រុងគែររបស់មន្ត្រីនៃប្រទេសទាំងនេះ បានកើតឡើង ២ថ្ងៃបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហាម៉ាស បានជួបជាមួយប្រមុខចារកម្មអេហ្ស៊ីប លោក Hassan Rashad ដើម្បីពិភាក្សាអំពីដំណាក់កាលទី២ នៃបទឈប់បាញ់នេះ។ ដំណាក់កាលនោះ ទាក់ទងនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស ការបង្កើតអាជ្ញាធរអន្តរកាល និងការដាក់ពង្រាយកម្លាំងរក្សាស្ថិរភាពអន្តរជាតិនៃកងទ័ពបរទេស នៅតំបន់ហ្កាហ្សាស្ទ្រីប។
បើយោងតាមសារព័ត៌មាន Al-Qahera News បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃអង្គារនោះ បានរិះរកវិធី ដើម្បី «ជម្នះឧបសគ្គនានា និងកំណត់ការរំលោភបំពាន ដើម្បីធានាឲ្យបានថា បទឈប់បាញ់ត្រូវបានអនុវត្ត។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ហើយយោងតាមស្ថាប័នសុខាភិបាល នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២០០នាក់ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន៕
