យោធារបស់ប្រទេសស៊ុយអែត ចង់បានមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារគោលដៅចូលជ្រៅទៅខាងក្នុងប្រទេសផ្សេងទៀត ជាការរារាំងដែលរដ្ឋមន្ត្រីការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) ថា មានភាពចាំបាច់ ដើម្បីផ្គូផ្គងជាមួយសមត្ថភាពអាវុធរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនរបស់រុស្ស៊ី។
នៅក្នុងរបាយការណ៍ដែលដាក់ជូនរដ្ឋាភិបាល ក្នុងសប្តាហ៍នេះ កងកម្លាំងប្រដាប់អាវុធស៊ុយអែត បានបញ្ជាក់ថា ខ្លួនចង់បានប្រព័ន្ធអាវុធដែលមានចម្ងាយរហូតដល់ ២.០០០គីឡូម៉ែត្រ ដើម្បីអាចវាយលុកចូលជ្រៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅខាងក្រោយសមរភូមិជួរមុខរបស់សត្រូវ។

រដ្ឋមន្ត្រីការពារជាតិ លោក Pal Jonson បានប្រាប់សារព័ត៌មាន Reuters ថា៖ «បទពិសោធន៍ពីសង្រ្គាមនៅអ៊ុយក្រែន បង្ហាញថា រុស្ស៊ីកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវសមត្ថភាពអាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដែលមានទាំងមីស៊ីលតម្រង់គោលដៅ មីស៊ីលបាលីស្ទិក និងយានដ្រូនរយៈចម្ងាយឆ្ងាយ។ យើងត្រូវតែបង្កើតនូវការទប់ស្កាត់ឲ្យកាន់តែខ្លាំងក្លា ប្រឆាំងនឹងការគំរាមកំហែងនោះ»។
គួរបញ្ជាក់ថា ចម្ងាយរវាងទីក្រុងមូស្គូ និងរដ្ឋធានី Stockholm គឺប្រហែល ១.០០០គីឡូម៉ែត្រ។ កងកម្លាំងដែនអាកាសរបស់ស៊ុយអែត បានបញ្ជាទិញមីស៊ីលផលិតដោយស្វីស-អាឡឺម៉ង់ Taurus ដែលប្រើប្រាស់បានរយៈចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ សម្រាប់យន្តហោះចម្បាំង Gripen របស់ខ្លួន ប៉ុន្តែលោក Jonson បាននិយាយថា ប្រព័ន្ធផ្សេងទៀត ក៏អាចត្រូវបានពិចារណាផងដែរ។
សេចក្ដីរាយការណ៍ ក៏បានឲ្យដឹងដែរថា រុស្ស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយស៊ុយអែតត្រូវបង្កើនសមត្ថភាពការពារដែនអាកាស និងការស៊ើបការណ៍របស់ខ្លួន ក្នុងនោះរួមទាំងយានដ្រូន និងផ្កាយរណបចារកម្មផងដែរ៕
