ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា រុស្ស៊ីកំពុងធ្វើសម្បទាននៅក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយទីក្រុងគីវ កំពុងរីករាយជាមួយនឹងរបៀបដែលកិច្ចចរចានេះកំពុងមានវឌ្ឍនភាព។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One នៅពេលលោកធ្វើដំណើរទៅកាន់គេហដ្ឋានរបស់លោក នៅរដ្ឋ Florida សម្រាប់ពិធីបុណ្យថ្លែងអំណរគុណ (Thanksgiving) លោក Trump បានបញ្ជាក់ថា «យើងកំពុងដំណើរការទៅមុខ» លើកិច្ចព្រមព្រៀងមួយ ហើយបានប្រាប់ថា លោកនឹងមានឆន្ទៈជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នៅពេលដែលពួកលោកជិតឈានដល់កិច្ចព្រមព្រៀងមួយ។

ជាមួយគ្នានេះ លោកក៏បាននិយាយផងដែរថា កាលកំណត់ដែលត្រូវបានប្រកាសកាលពីមុនរបស់លោក នៅថ្ងៃព្រហស្បតិ៍នោះ ដែលជាថ្ងៃនៃពិធីបុណ្យថ្លៃងអំណរគុណ លែងមានទៀតហើយ ហើយថា ផែនការសន្តិភាព ២៨ចំណុចដំបូងរបស់សេតវិមាន ដែលបង្កឲ្យមានក្ដីបារម្ភ នៅក្នុងទីក្រុងគីវ «គ្រាន់តែជាផែនទីប៉ុណ្ណោះ»។
នៅពេលត្រូវបានសួរថា តើអ៊ុយក្រែនត្រូវបានស្នើសុំឲ្យព្រមប្រគល់ដែនដីច្រើនពេក ឬយ៉ាងណានោះ លោក Trump បានឆ្លើយតបថា៖ «ក្នុងរយៈពេល ២-៣ខែខាងមុខ (ដែល) រុស្ស៊ីអាចនឹងដណ្ដើមបានទោះក្នុងករណីណាក៏ដោយ»។ តែលោកបានបន្ថែមថា សម្បទានរបស់ទីក្រុងមូស្គូ គឺជាការសន្យាមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា «ហើយពួកគេមិនដណ្ដើមយកដែនដីទៀតទេ»។
ហើយមុនពេលឡើងយន្តហោះ លោក Trump បានសង្កត់ធ្ងន់ថា មានតែចំណុចខ្វែងគំនិតគ្នាមួយចំនួនប៉ុណ្ណោះ ដែលនៅមាន រវាងភាគីទាំង២៕

