ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យអាមេរិក លោក Edward Markey កាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) បានជំរុញឲ្យប្រធានាធិបតី Donald Trump កុំចាប់ផ្ដើមការសាកល្បងអាវុធនុយក្លេអែរដោយបំផ្ទុះឡើងវិញ ដោយនិយាយថា ការធ្វើបែបនេះអាចជំរុញឲ្យមហាអំណាចនុយក្លេអ៊ែរជាគូប្រជែង គឺរុស្ស៊ី និងចិន ធ្វើដូចគ្នាដែរ។

គួរបញ្ជាក់ថា លោក Trump កាលពីចុងខែតុលា បានប្រកាសនៅលើបណ្ដាញសង្គមថា លោកកំពុងណែនាំមន្ទីរបញ្ចកោណឲ្យចាប់ផ្តើមដំណើរការឡើងវិញភ្លាមៗនូវការសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣៣ឆ្នាំ។
ចំណាត់ការរបស់លោកបានធ្វើឲ្យមានការភ័ន្តច្រឡំ ដោយសាររដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ ដែលជាសាខានៃក្រសួងថាមពល គឺជាទីភ្នាក់ងារដែលនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរដោយបំផ្ទុះ។
សហប្រធាននៃក្រុមការងារគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងអាវុធ ដែលមានសមាជិក ទាំងនៅក្នុងព្រឹទ្ធសភា ក្នុងសភាតំណាងរាស្ត្រ លោក Markey បានសរសេរលិខិតទៅកាន់លោក Trump ថា៖ «សូម្បីតែការសាកល្បងនុយក្លេអ៊ែរកម្រិតតូចមួយរបស់សហរដ្ឋអាមេរិក នឹងបើកភ្លើងខៀវឲ្យរុស្ស៊ី និងចិនធ្វើតេស្ដនុយក្លេអ៊ែរធំៗជាច្រើន ដែលនឹងកាន់តែមានប្រយោជន៍ដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរថ្មី ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។
លោក Markey ដែលជាមេដឹកនាំយូរអង្វែងនៃកិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយអាវុធ នៅក្នុងរដ្ឋសភា ក៏បានជំរុញលោក Trump ផងដែរ អំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក នៅឆ្នាំ២០២០ ឲ្យប្រឆាំងនឹងការចាប់ផ្ដើមការសាកល្បងអាវុធនុយក្លេអ៊ែរដោយបំផ្ទុះឡើងវិញ។ តែយ៉ាងណាក្ដី លោក Trump បាននិយាយថា សហរដ្ឋអាមេរិក អនុវត្តការធ្វើតេស្ត «ដូចប្រទេសផ្សេងទៀតធ្វើ»៕

