យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ស្ត្រីរាប់រយនាក់ បាននាំគ្នាតវ៉ានៅទីក្រុង Mexico កាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) ប្រឆាំងនឹងអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដែលសម្លាប់ស្ត្រី ឬក្មេងស្រីជាមធ្យម ១០នាក់ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសម៉ិកស៊ិក។
មេធាវីជនជាតិម៉ិកស៊ិក លោកស្រី Alejandra Perez បាននិយាយថា លោកស្រីរស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ ចាប់តាំងពីអំពើហិង្សាដែលលោកស្រីបានជួបពីអតីតដៃគូរបស់លោកស្រី បានធ្វើឲ្យលោកស្រីមានពិការភាពជាបណ្ដោះអាសន្ន។

ប៉ុន្តែស្ត្រីវ័យ ៣៧ឆ្នាំរូបនេះ បានព្យាយាមប្រមូលភាពក្លាហានចូលរួមក្នុងការតវ៉ានេះ ដើម្បីបរិហារនិទណ្ឌភាពនៃជនល្មើសជាច្រើន ដែលប្រព្រឹត្តអំពើហឹង្សាទាក់ទាងយេនឌ័រ នៅម៉ិកស៊ិក ហើយបានដើរដង្ហែរដោយកាន់ផ្ទាំងរូបភាពបង្ហាញពីបុរសដែលលោកស្រីចោទប្រកាន់ថា បានវាយប្រហារលោកស្រី។
លោកស្រីបាននិយាយអំពីឪពុករបស់កូនស្រីខ្លួនថា៖ «ខ្ញុំបានដាក់ពាក្យប្តឹងគាត់ កាលពី ៣ឆ្នាំមុន តែបុរសនេះនៅតែមិនត្រូវបានចាប់ខ្លួន»។ លោកស្រីបានបន្ថែមថា៖ «ប្រព័ន្ធអនុវត្តច្បាប់មានភាពយឺតយ៉ាវណាស់។ ជារឿងគួរឲ្យសោកស្ដាយណាស់ ស្ត្រីជាច្រើនត្រូវធ្វើការស៊ើបអង្កេតដោយខ្លួនឯង»។
អង្គការសហប្រជាជាតិ បានរាយការណ៍ថា ៧០ភាគរយនៃស្ត្រីម៉ិកស៊ិកដែលមានអាយុលើសពី ១៥ឆ្នាំ បានជួបប្រទះនូវទម្រង់នៃអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។ កំណត់ត្រារបស់សភាម៉ិកស៊ិក បង្ហាញថា ស្ត្រីចំនួន ៣.៤៣០នាក់ បានបាត់បង់ជីវិតដោយអំពើហិង្សា នៅម៉ិកស៊ិក ក្នុងឆ្នាំ២០២៤ ដោយមានជនរងគ្រោះចំនួន ៨២៩នាក់ ដោយសារអំពើឃាតកម្មលើស្ត្រី ជាឧក្រិដ្ឋកម្មដែលត្រូវបានកំណត់ថា ជាឃាតកម្មដែលជំរុញដោយយេនឌ័ររបស់ជនរងគ្រោះ៕
