វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Novak Djokovic បានបង្ហើបថា គេមិនមានគោលជំហរប្រឆាំងដាច់ណាត់ក្នុងការទទួលយកវ៉ាក់សាំងកូវីដ-១៩ នោះឡើយ តែមិនមែនពេលនេះ។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ RTS របស់ស៊ែបបាននិយាយថា ការទទួលយកវ៉ាក់សាំងមិនមែនជារឿងមិនអាចទៅរួចនោះទេ តែគេសំរេចចិត្តនៅពេលនេះថា មិនទទួលយករឿងនៅពេលខាងមុខគឺរឿងផ្សេង។

ការសំរេចចិត្តមិនទទួលយកវ៉ាក់សាំងកូវីដ-១៩ របស់ Djokovic នៅពេលនេះធ្វើឱ្យកីឡាករវ័យ ៣៤ឆ្នាំរូបនេះប្រឈមនឹងអវត្តមានពីការប្រកួតជាច្រើននៅចំពោះមុខក្នុងរដូវកាល ២០២២ នេះ។ រំលឹកថា កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវបានបញ្ជាឱ្យចាកចេញពីព្រលានយន្តហោះប្រទេសអូស្ត្រាលីកាលពីខែមករា ដោយសារតែការស្នើសុំទិដ្ឋាការមិនមានភ្ជាប់ជាមួយលិខិតអះអាងថា បានចាក់វ៉ាក់សាំង។ Novak Djokovic បានបន្តថា កាលពីនៅអូស្ត្រាលីនោះ ការស្នើសុំទិដ្ឋាការចូលប្រទេសអូស្ត្រាលីគឺបានភ្ជាប់ជាមួយលិខិតអះអាងថា រូបគេទើបជាសះស្បើយពីកូវីដ-១៩។ តែការអះអាងនេះមិនត្រូវបានទទួលស្គាល់ពីអាជ្ញាធរសុខាភិបាលអូស្ត្រាលីឡើយ។ Djokovic បានបញ្ជាក់ថា រូបគេមិនបានចូលរួមជាមួយនឹងចលនាប្រឆាំងវ៉ាក់សាំងឡើយ តែចង់ឱ្យការទទួលយកវ៉ាក់សាំងគឺជាសិទ្ធិរបស់បុគ្គលវិញ៕
អត្ថបទ៖នាង សុភាវុធ