អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលនីហ្សេរីយ៉ា ក្នុងវិស័យប្រឆាំងភេរវកម្ម ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយដែលត្រូវការ។
អ្នកការទូតរូបនេះ បាននិយាយថា៖« ជំហររបស់រុស្ស៊ីក្នុងវិស័យប្រឆាំងភេរវកម្ម នៅតែដដែល ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម គឺជាបញ្ហាប្រឈមសកល។ យើងជឿជាក់ថា ទីក្រុង Abuja អាចទប់ទល់នឹងភារកិច្ចនេះ ជាមួយនឹងការគាំទ្រដែលអាចធ្វើទៅបានទាំងអស់ពីសហគមន៍អន្តរជាតិ ស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក។ រុស្ស៊ីវិញត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ជំនួយដែលត្រូវការដល់ដៃគូនីហ្សេរីយ៉ារបស់ខ្លួន»។

លោកស្រី បានកត់សម្គាល់ «កិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលនីហ្សេរីយ៉ាក្នុងវិស័យប្រឆាំងភេរវកម្ម»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នអនុវត្តច្បាប់ បានប្រមូលផ្តុំបទពិសោធយ៉ាងហ្មត់ចត់ក្នុងការទប់ទល់នឹងការគំរាមកំហែងភេរវកម្មដោយប្រសិទ្ធភាព ដែលត្រូវបានប្រើប្រាស់ដោយជោគជ័យ ក្នុងការអនុវត្ត»។
ក្រុមបូកូហារ៉ាម ( Boko Haram) បានប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីឆ្នាំ ២០០៩ ក្រោយមកបានមកដល់ប្រទេសនីហ្សេរីយ៉ា ឆាដ និងកាមេរូន។ នៅឆ្នាំ ២០១៥ កងទ័ពនីហ្សេរីយ៉ា បានបង្កធ្វើឲ្យក្រុមនេះបរាជ័យយ៉ាងធ្ងន់ធ្ងរ និងបានកាត់បន្ថយទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយ៉ាងច្រើន។ នៅក្នុងឆ្នាំដដែលនោះ ក្រុមបូកូហារ៉ាម បានបែកចេញ ដោយក្រុមសកម្មប្រយុទ្ធមួយចំនួន បានចូលរួមជាមួយរដ្ឋឥស្លាម និងបានយកឈ្មោះថា រដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិច៕
