មនុស្ស ៤នាក់យ៉ាងតិច ក្នុងនោះមានរួមទាំងអ្នកពន្លត់អគ្គិភ័យម្នាក់ផងដែរ បានបាត់បង់ជិវិត និងយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត បានរងរបួស នៅពេលអគ្គិភ័យដ៏ធំមួយបានឆាបឆេះ នៅសង្កាត់ Tai Po ក្នុងទីក្រុងហុងកុងរបស់ប្រទេសចិន ដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆេះរាលដាលពាសពេញរន្ទាឬស្សី នៅឯលំនៅឋានមួយ ដែលក៏បានធ្វើឲ្យអ្នកស្រុកជាច្រើននាក់ជាប់នៅក្នុងនោះផងដែរ។

សំណុំផ្សែងពណ៌ខ្មៅដ៏ធំ បានហុយទ្រលោមទៅកាន់ផ្ទៃមេឃនៅកន្លែងកើតហេតុ នៅឯប្លុកអគារ Wang Fuk Court នាថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ ដោយអណ្តាតភ្លើងបានរាលដាលដល់លំនៅឋានយ៉ាងហោចណាស់ ៣ប្លុក ខណៈទីភ្នាក់ងារសង្គ្រោះបន្ទាន់ប្រឹងប្រែងពន្លត់អគ្គិភ័យនោះ។
នគរបាលបានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា ពួកគេបានទទួលបានសេចក្ដីរាយការណ៍ជាច្រើនពីមនុស្សជាប់នៅក្នុងអគារដែលអគ្គិភ័យបានចាប់ផ្តើមមានឡើង ដោយបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានរាយការណ៍ថា សន្លប់ ហើយរងការរលាក។
ហើយនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ឲ្យដឹងថា ខ្លួនបានទទួលបានសេចក្តីរាយការណ៍នៅវេលាម៉ោង ២:៥១នាទីរសៀល (ម៉ោងក្នុងស្រុក) ដែលថា អគ្គិភ័យមួយបានឆាបឆេះឡើងនៅប្លុកអគារ Wang Fuk Court ក្នុងសង្កាត់ Tai Po។ អគ្គិភ័យនេះត្រូវបានដំឡើងទៅជាភាពអាសន្នកម្រិតលេខ៤ នៅវេលាម៉ោង ៣:៣៤នាទីរសៀល (ម៉ោងក្នុងស្រុក)។
គួរបញ្ជាក់ថា អគារ Wang Fuk Court គឺជាអគារលំនៅឋានដែលមានប្លុកចំនួន ៨ ដែលផ្តល់លំនៅឋានជិត ២.០០០យូនីត៕


