ប្រទេសគុយបា កាលពីថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានស្វែងរកផ្តួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡាដោយហិង្សា ដោយចាត់ទុកការកើនឡើងនូវវត្តមានកងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ថា ជាការគំរាមកំហែង «យ៉ាងគ្រោះថ្នាក់ដ៏ខ្លាំង និងបង្កហេតុ»។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នឹងជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងគ្មានការទទួលខុសត្រូវ ហើយនឹងបំពានលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)s។

គួរបញ្ជាក់ថា ដោយបានដកស្រង់សម្ដីពីមន្ត្រីអាមេរិក ៤រូប ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា សហរដ្ឋអាមេរិកបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការ ទាក់ទងនឹងវ៉េណេហស៊ុយអេឡា នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Rodriguez បាននិយាយថា៖ «យើងអំពាវនាវដល់ប្រជាជនរបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ភាពមិនបានពិចារណាឲ្យបានដិតដល់នេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចបណ្តាលឲ្យមានចំនួនអ្នកស្លាប់ដែលមិនអាចគណនាបាន និងបង្កើតសេណារីយោនៃអំពើហិង្សា និងអស្ថិរភាព នៅក្នុងអឌ្ឍគោល ដែលនឹងមិនអាចនឹកស្មានដល់បាន»៕

