កោះកុង៖លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់សិស្ស ដែលប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត នៅកម្រិតថ្នាក់មហាវិទ្យាល័យ ដើម្បីទទួលបានចំណេះដឹង ឱកាសការងារល្អៗ រកប្រាក់ចំណូលខ្ពស់ជួយក្រុមគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់រង្វាន់ជាម៉ូតូ ៤គ្រឿង ព្រមទាំងថវិកាមួយចំនួនដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេសA ចំនួន៤នាក់។
លោកជំទាវ បានកោតសរសើរយ៉ាងខ្លាំងចំពោះសិស្ស ដែលប្រឹងប្រែងរៀនរយៈពេល ១២ឆ្នាំហើយមានលទ្ធផលសិក្សាល្អប្រសើរ។ ភាពជោគជ័យសិក្សាថ្នាក់មធ្យមសិក្សាជារឿងល្អមួយហើយ ប៉ុន្តែត្រូវប្រឹងប្រែងរៀនសូត្របន្ថែមទៀត នៅថ្នាក់កម្រិតថ្នាក់មហាវិទ្យាល័យ តាមជំនាញ ដែលជាចំណង់ចំណូលចិត្ត ឬ មកដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន នៅរដ្ឋបាលខេត្ត។
លោកជំទាវ បានរំពឹងទុកជាមុនថា បន្ទាប់ពីបានសិក្សាបញ្ចប់ថ្នាក់សកលវិទ្យាល័យ នឹងមានចំណេះដឹង ឱកាសការងារល្អៗ រកប្រាក់ចំណូលខ្ពស់ជួយក្រុមគ្រួសារ និងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ដឹកនាំដោយសម្តេចតេជោ ដោយពួកគេអាចវិលមកខេត្តកោះកុង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តមួយនេះទៅអនាគត។
ក្រុមសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសAចំនួន៤នាក់នៅខេត្តកោះកុង បានថ្លែងអំណរអរគុណជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវអភិបាលខេត្តកោះកុង លោកគ្រូ អ្នកគ្រូ ដែលផ្តល់ជារង្វាន់ ថវិកា និងពេលវេលាបង្ហាត់បង្រៀនដល់ពួកគេ ទើបធ្វើឱ្យពួកគេទទួលលទ្ធផលសិក្សាជោគជ័យមកដល់ថ្ងៃនេះ។
ក្រុមសិស្សនិទ្ទេសA បានបញ្ជាក់ថា ការដែលធ្វើឱ្យពួកគេប្រឡងជាប់និទ្ទេសAនេះ ក៏ព្រោះមានការបេ្តជ្ញាចិត្តខ្ពស់សម្រាប់ឆ្នាំប្រឡងរបស់ខ្លួន ទោះបីជួបវិបិត្តដោយសារកូវីដ-១៩ ការរៀនតាមប្រព័ន្ធអនឡាញ ក៏នៅតែអាចធ្វើទៅបានយ៉ាងល្អ បូករួមទាំងការពន្យល់ណែនាំបន្ថែមពីលោកគ្រូអ្នកគ្រូ។ ចំពោះសិស្សមិនទាន់ប្រឡង សុំកុំអស់សង្ឃឹម គប្បីខិតខំរៀនឡើងវិញ ដើម្បីទទួលបានឱកាសសិក្សាល្អ និងប្រាក់ចំណូលខ្ពស់ គ្រាប្រទេសជាតិត្រូវការធនធានមនុស្សជាចម្បង៕ អត្ថបទ៖ ឈឹម មករា




