ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឡើងនៅមន្ទីរពេទ្យ ក្នុងទីក្រុង Cartagena របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ ដោយបង្ខំឲ្យបុគ្គលិកជម្លៀសចេញដោយផ្នែក តែមិនមានអ្នករងរបួសឡើយ។
អគ្គិភ័យនេះបានឆាបឆេះឡើងនាព្រឹកព្រលឹមថ្ងៃនេះ នៅក្នុងទីក្រុងភាគអាគ្នេយ៍មួយនេះ ហើយបានឆាបឆេះផ្នែកខាងមុខនៃអគារមួយ នៅឯមន្ទីរពេទ្យ Santa Lucia របស់ទីក្រុង Cartagena ដោយបានធ្វើឲ្យមានផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ឃ្មឹកហុយទៅលើអាកាស ដែលត្រូវបានឃើញនៅក្នុងរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។

សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «អ្នកពន្លត់អគ្គិភ័យ បានគ្រប់គ្រងអណ្ដាតភ្លើងហើយ ។ បុគ្គលិកមន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺចេញពីប្លុក និងទីកន្លែងក្បែរនោះទៅកាន់បន្ទប់សុវត្ថិភាព»។
ការិយាល័យអភិបាលតំបន់ សម្រាប់ទីក្រុងកំពង់ផែដែលមានមនុស្ស ២០០.០០០នាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យបានចាប់ផ្តើមមានឡើងនៅខាងក្រៅមន្ទីរពេទ្យ ហើយបានឆាបឆេះរុលទៅមុខដោយសារតែ «ខ្យល់បក់ខ្លាំង» ដែលបានរាលដាលទៅដល់យ៉ាងហោចណាស់ជាន់ចំនួន ២ របស់អគារនេះ។ ការិយាល័យបានបន្ថែមថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែបន្តតាមដានពិនិត្យតំបន់នោះ ខណៈដើមហេតុនាំឲ្យមានហេតុការណ៍នេះ មិនទាន់ដឹងនៅឡើយទេ៕
