នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ មេទ័ពស៊ូដង់ លោក Abdel Fattah al-Burhan ដែលកំពុងមានសង្រ្គាមជាមួយក្រុមគូអរិ គឺកងកម្លាំងយោធាប៉ារ៉ា តាំងពីខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យជួយនាំសន្តិភាពមកកាន់ប្រទេសរបស់ខ្លួន។

នៅក្នុងអត្ថបទវិចារណកថាដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal មេដឹកនាំជាក់ស្ដែងរបស់ស៊ូដង់រូបនេះ បានសរសេរថា៖ «ឥឡូវនេះ ប្រជាជនស៊ូដង់សម្លឹងទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យចាត់វិធានការបន្ទាប់ ពោលគឺដោយប្រើប្រាស់ភាពស្មោះត្រង់ដែលមានស្រាប់របស់លោកប្រធានាធិបតីអាមេរិក ហើយធ្វើការជាមួយយើង និងប្រទេសផ្សេងទៀតក្នុងតំបន់ ដែលស្វែងរកសន្តិភាពពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាមនេះ»។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលឲ្យមានសន្តិភាព រវាងលោក al-Burhan និងមេបញ្ជាការរបស់កងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Daglo បានបរាជ័យម្តងហើយម្តងទៀត ក្នុងដំណើរផ្លូវនៃសង្រ្គាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមានការជម្លៀស ១២លាននាក់ ហើយបង្កឲ្យមានវិបត្តិអត់ឃ្លាន និងការបម្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។
លោក Trump បានចាប់អារម្មណ៍លើសង្រ្គាមនេះជាលើកដំបូង កាលពីសប្តាហ៍មុន ដោយបានសន្យាថា លោកនឹងបញ្ចប់វា បន្ទាប់ពីរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman បានជំរុញឲ្យលោកចូលរួមជួយបញ្ឈប់ជម្លោះនេះ។
ហើយក្នុងអត្ថបទនោះ លោក al-Burhan បានសរសេរទៀតថា៖ «ការឯកភាពគ្នា ក្នុងចំណោមជនជាតិស៊ូដង់នោះ គឺថា លោក Trump គឺជាមេដឹកនាំដែលនិយាយដោយផ្ទាល់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ មនុស្សជាច្រើន ជឿជាក់ថា លោកមាននូវការសម្រេចចិត្តដាច់ណាត់ ក្នុងការប្រឈមនឹងតួអង្គបរទេសដែលធ្វើឲ្យការឈឺចាប់របស់យើងកាន់តែអូសបន្លាយ»៕


