ប្រភពរដ្ឋាភិបាលជប៉ុនចំនួនពីរ ដែលដឹងពីបញ្ហានេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បញ្ចៀសនូវភាពតានតឹងបន្ថែមទៀតក្នុងជម្លោះការទូតជាមួយប្រទេសចិន អំឡុងជំនួបទូរសព្ទមួយនៅសប្តាហ៍នេះ។

លោកស្រី Takaichi មានជម្លោះការទូតដ៏ធំបំផុតជាមួយទីក្រុងប៉េកាំង ក្នុងប៉ុន្មានឆ្នាំមកនេះ នៅពេលលោកស្រីបានប្រាប់សភាកាលពីដើមខែវិច្ឆិកានេះថា ការវាយក្រសោបរបស់ចិន លើកោះតៃវ៉ាន់ អាចនាំឱ្យមានការឆ្លើយតបខាងយោធាពីជប៉ុន។ ចិន ចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាតំបន់មួយរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើកម្លាំងដើម្បីគ្រប់គ្រងកោះនេះទេ។

ប្រភពមន្រ្តីជប៉ុននិយាយថា ក្នុងជំនួបទូរសព្ទកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយលោក Trump ប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញពីបំណងចង់ឱ្យលោកស្រី Takaichi បញ្ចៀសការមិនពេញចិត្តកាន់តែខ្លាំងពីទីក្រុងប៉េកាំង។ ប្រភពបន្តថា លោក Trump ដែលកំពុងពង្រឹងទំនាក់ទំនងជាមួយចិន មិនបានចេញការទាមទារជាក់លាក់ណាមួយដល់លោកស្រី Takaichi ទាក់ទងនឹងបញ្ហានេះទេ។

កាលពីថ្ងៃពុធ (២៦ វិច្ឆិកា) កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពថា លោក Trump បានស្នើឱ្យលោកស្រី Takaichi បន្ថយកម្រិតវោហាសាស្រ្តនៅក្នុងជម្លោះការទូតនេះ ទាក់ទងនឹងកោះតៃវ៉ាន់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ថា ជំនួបទូរសព្ទរបស់លោក Trump ជាមួយលោកស្រី Takaichi កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានធ្វើឡើងបន្ទាប់ពីជំនួបទូរសព្ទមួយរវាងលោក Trump និងមេដឹកនាំចិន លោក Xi Jinping ដែលក្នុងនោះ ប្រធានាធិបតីចិនរូបនេះបានលើកឡើងថា "ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់មាតុភូមិចិនវិញ" គឺជាផ្នែកដ៏សំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំង សម្រាប់សណ្តាប់ធ្នាប់ពិភពលោក៕