ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជាលើកទី១ ឆ្នាំ២០២៥» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នាចុងសប្តាហ៍នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet) ខាងមុខសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដើម្បីអបអរសាទរមរតកវប្បធម៌អរូបី ទាំងប្រាំពីរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO)។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា នៅថ្ងៃទី២៩-៣០ ខែវិចិ្ឆកាខាងមុខនេះ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នឹងរៀបចំកម្មវិធីថ្មីមួយ ដែលយើងឲ្យឈ្មោះថា «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា» នេះជាកម្មវិធីលើកដំបូងសម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង។ ហើយមូលហេតុអ្វីបានយើងដាក់ឈ្មោះកម្មវិធីនេះថា «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា» គឺយើងបានដឹងហើយថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ចំនួន០៧ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់របស់អង្គការយូណេស្កូ ហើយថ្ងៃដែលយើងបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី គឺនៅថ្ងៃកៀកៗគ្នា។ ដូច្នេះដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក៏បានដាក់ឈ្មោះថា «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១ ឆ្នាំ២០២៥»។
ជាចុងក្រោយឯកឧត្តម ឈុំ ម៉េងហុង បានបញ្ជាក់ទៀតថា ក្នុងកម្មវិធី«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជាលើកទី១ ឆ្នាំ២០២៥» ដែលជាព្រឹតិ្តការណ៍ដ៏ធំមួយទៀតនោះ គឺល្បែងប្រពៃណីទាញព្រ័ត្រ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលមានប្រទេសចំនួន០៤ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៅថ្ងៃជាមួយគ្នា គឺប្រទេសកម្ពុជា កូរ៉េ ហ្វីលីពីន និងវៀតណាម ហើយប្រទេសនីមួយៗបានប្រារព្ធខួប១០ឆ្នាំ នៃបណ្តាប្រទេសរៀងៗខ្លួន។ ដូច្នេះព្រះរាជាណាចក្រកម្ពុជា ក៏លើកយកល្បែងប្រពៃណីទាញព្រ័ត្រនេះ ដើម្បីចូលរួមអបអរនិងប្រារព្ធខួប១០ឆ្នាំ នេះតែម្តង។ ហើយនៅក្នុងកម្មវិធីខាងលើនេះ យើងមានរៀបចំការតាំងពិព័រណ៍ល្បែងប្រពៃណីទាញព្រ័ត្រ តាមបណ្តាសហគមន៍នានាក្នុងប្រទេសកម្ពុជា ហើយក៏និយាយ និងបង្ហាញល្បែងទាញព្រ័ត្រ ពីសហគមន៍តាមបណ្តាប្រទេសទាំង៣នេះផងដែរ ៕ អត្ថបទ រដ្ឋា









