ប្រទេសកាណាដា នឹងផ្តល់ការគាំទ្របន្ថែមទៀតដើម្បីជួយដល់ឧស្សាហកម្មដែកថែប និងឈើ ដោយដោះស្រាយជាមួយនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនិងបង្កើតទីផ្សារក្នុងស្រុក ព្រមទាំងបង្កើនការការពារសម្រាប់កម្មករក្នុងវិស័យដែកថែប និងឈើ។

លោកនាយករដ្ឋមន្ត្រី Mark Carney បានបញ្ជាក់ពីផែនការថ្មីនេះកាលពីថ្ងៃពុធនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Carney បាននិយាយថា ទីក្រុង Ottawa នឹងកាត់បន្ថយកូតាសម្រាប់ការនាំចូលដែកថែបពីប្រទេសនានាដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកាណាដា មកនៅត្រឹម២០ភាគរយពី៥០ភាគរយនៃកម្រិតឆ្នាំ២០២៤។

ប្រទេសនានាដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសកាណាដា នឹងមើលឃើញកូតារបស់ខ្លួនត្រូវបានកាត់បន្ថយមកត្រឹម៧៥ភាគរយពី១០០ភាគរយនៃកម្រិតឆ្នាំ២០២៤។ នេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលត្រូវបានភ្ជាប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក នោះទេ។ ប្រទេសកាណាដា ក៏នឹងដាក់ការដំឡើងពន្ធ២៥ភាគរយជាសកលលើផលិតផលផលិតពីដែកថែបដែលត្រូវបាននាំចូល និងដាក់បញ្ចូលវិធានការនៅព្រំដែនដើម្បីប្រយុទ្ធប្រឆាំងការលក់បង្ខូចតម្លៃដែកថែប។ កាលពីខែកក្កដា ទីក្រុងអូតាវ៉ា បានកំណត់កូតានៃការនាំចូលដែកថែប៥០ភាគរយនៃកម្រិតឆ្នាំ២០២៤ ពីប្រទេសដែលមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងបំណងដើម្បីបញ្ឈប់ការលក់បង្ខូចតម្លៃនៃដែកថែបបរទេសចូលទៅក្នុងប្រទេសកាណាដា។ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា វិធានការទាំងនេះកំពុងត្រូវបានរឹតបន្តឹងដើម្បីបើកទូលាយទីផ្សារក្នុងស្រុកសម្រាប់ដែកថែបដែលផលិតនៅក្នុងប្រទេសកាណាដា។