ព្រឹត្តិការណ៍ប្រណាំងរថយន្ត Rally ពិភពលោករដូវកាលនេះ នឹងឈានដល់ប្រទេសចុងក្រោយសប្តាហ៍នេះនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកប្រជែងជើងឯកពីររូប Elfyn Evans និង Sebastien Ogier មានគម្លាតពីគ្នាត្រឹមបីពិន្ទុ។
កីឡាករវែល Elfyn Evans បានឈរលើគេក្នុងតារាងជើងឯកពិភពលោកអស់រយៈពេលស្ទើពេញមួយរដូវកាលមកហើយ ទើបតែត្រូវកីឡាករបារាំង Sebastien Ogier ឆក់យកការនាំមុខវិញក្រោយឈ្នះបីក្នុងចំណោមបួនប្រទេសចុងក្រោយ ខណៈដែល Elfyn Evans តែងតែបញ្ចប់នៅលេខពីរពីក្រោយ Ogier។
កីឡាករវ័យ ៣៦ ឆ្នាំវែល Elfyn Evans តែងតែជាជើងឯករងបួនរដូវកាលមកហើយក្នុងចំណោមប្រាំរដូវកាលចុងក្រោយនៃតារាងជើងឯកពិភពលោក តែមិនទាន់ស្គាល់ពាក្យថាជើងឯកនៅឡើយ ស្របពេលដែលកីឡាករបារាំង Sebastien Ogier កំពុងស្ថិតក្នុងដំណើរដណ្តើមយកជើងឯកពិភពលោកលើកទី ៩ និងជាលើកដំបូងតាំងពីឆ្នាំ ២០២១។
មិនមែនមានតែកីឡាករពីររូបខាងលើកត្រូវប្រជែងគ្នានោះទេនៅប្រទេសចុងក្រោយនេះ កីឡាករហ្វាំងឡង់ Kalle Rovanpera ក៏មានឱកាសស្តួចស្តើងដែរដើម្បីគ្រងជើងឯក តែលុះត្រាតែ Evans និង Ogier សុទ្ធតែមិនអាចបញ្ចប់ការប្រកួតបាន។
សូមបញ្ជាក់ថា Rally នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតទើបតែមានវត្តមានប៉ុណ្ណោះក្នុងកាលវិភាគ WRC៕ អត្ថបទ៖នាង សុភាវុធ


