អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃពុធ (២៦ វិច្ឆិកា) ថា ជនស៊ីវិលស៊ូដង់ជាង ១.០០០នាក់ បានរត់ភៀសខ្លួនចេញពីភូមិ Hilla Birno នៅរដ្ឋខាងត្បូងរបស់តំបន់ Kordofan ខណៈដែលអសន្តិសុខកាន់តែអាក្រក់ទៅៗនៅទីនោះ ស្របពេលកំណើននៃការរំលោភបំពានពីកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បាននិយាយថា ជនភៀសខ្លួនទាំងនោះចាកចេញដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ហើយបានផ្លាស់ទៅកន្លែងជាច្រើននៅទូទាំងសហគមន៍ជនបទភាគខាងកើត និងសហគមន៍ Kadugli នៅរដ្ឋខាងត្បូង នៃតំបន់ Kordofan។ IOM ព្រមានថា ស្ថានការណ៍នៅតែហិង្សាខ្លាំង និងអស្ថិរភាពណាស់។

រលកថ្មីនៃការជម្លៀសខ្លួននេះកើតឡើងបន្ទាប់ពីការវាយប្រហារដោយកងកម្លាំង RSF - ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន - នៅលើភូមិជាច្រើនក្នុងតំបន់។ រដ្ឋទាំងបីរបស់តំបន់ Kordofan - ពោលគឺរដ្ឋខាងជើង ខាងលិច និងខាងត្បូង - បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រវាងកងទ័ពស៊ូដង់ និងយោធាប៉ារ៉ា RSF ដោយបានជម្លៀសមនុស្សរាប់ម៉ឺននាក់។

បច្ចុប្បន្ន កងកម្លាំង RSF គ្រប់គ្រងរដ្ឋទាំងប្រាំរបស់តំបន់ Darfur ក្នុងចំណោមរដ្ឋចំនួន២៨ របស់ប្រទេសស៊ូដង់ ខណៈកងទ័ពស៊ូដង់ កាន់កាប់ភាគច្រើននៃរដ្ឋចំនួន១៣ ដែលនៅសេសសល់ រួមទាំងរដ្ឋធានីខាទុំ ផងដែរ។ តំបន់ Darfur មានប្រហែលមួយភាគប្រាំនៃទឹកដីរបស់ស៊ូដង់ ប៉ុន្តែភាគច្រើននៃប្រជាជន ៥០លាននាក់ របស់ប្រទេសនេះ រស់នៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ព៕