លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ថា ប្រទេសអាហ្វ្រិកខាងត្បូង នឹងមិនទទួលបានការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលG20 នៅឆ្នាំក្រោយនៅរដ្ឋ Florida ទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន។

មេដឹកនាំក្រុមប្រទេសG20 បានអនុម័តសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងការដោះស្រាយវិបត្តិអាកាសធាតុ និងបញ្ហាប្រឈមសកលផ្សេងទៀត ទោះបីជាមានការជំទាស់ពីសហរដ្ឋអាមេរិកក៏ដោយ ដែលជំរុញឱ្យសេតវិមានចោទប្រកាន់ប្រទេសអាហ្វ្រិកខាងត្បូងថាបានប្រើប្រាស់ភាពជាអ្នកដឹកនាំរបស់ខ្លួនធ្វើជាអាវុធនៅក្នុងក្រុម នៅឆ្នាំនេះ។

លោក Trump បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ Truth Social ថា «នៅចុងបញ្ចប់នៃកិច្ចប្រជុំ G20 ប្រទេសអាហ្វ្រិកខាងត្បូងបានបដិសេធមិនប្រគល់តំណែងប្រធាន G20 ទៅឱ្យអ្នកតំណាងជាន់ខ្ពស់មកពីស្ថានទូតសហរដ្ឋអាមេរិករបស់យើង ដែលបានទៅចូលរួមក្នុងពិធីបិទនោះទេ»។ «ដូច្នេះ តាមការណែនាំរបស់ខ្ញុំ អាហ្វ្រិកខាងត្បូងនឹងមិនទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៦ ដែលនឹងត្រូវបានធ្វើឡើងនៅទីក្រុង Miami រដ្ឋ Florida នៅឆ្នាំក្រោយទេ»។
លោក Trump បានចោទប្រកាន់ដដែលៗថា រដ្ឋាភិបាលស្បែកខ្មៅភាគច្រើនរបស់អាហ្វ្រិកខាងត្បូងពីការធ្វើទុក្ខបុកម្នេញជនជាតិស្បែកសរបស់ខ្លួន ហើយមានអំពើប្រល័យពូជសាសន៍លើកសិករស្បែកសនៅក្នុងប្រទេសនេះ ជាការអះអាងដែលត្រូវបានបដិសេធយ៉ាងខ្លាំង។